(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានណែនាំឱ្យប្រជាជនដែលរស់នៅជិតទន្លេនៃតំបន់ភាគកណ្តាល ចាកចេញពីផ្ទះសម្បែងរបស់ខ្លូន នៅថ្ងៃព្រហស្បតិ៍នេះ ខណៈភ្លៀងមូសុងកម្រិត ៣០០មីលីម៉ែត្រកំពុងបញ្ចេញឥទ្ធិពល ហើយព្រមានដល់តំបន់ផ្សេងៗទៀត រួមទាំងរដ្ឋធានីសេអ៊ូលផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤។

អាជ្ញាធរគ្រប់គ្រងគ្រាអាសន្ននិយាយថា ភ្លៀងបានបណ្តាលឱ្យមានការលុបចោលជើងហោះហើរជាង ២៤ នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងលិច ហើយរំខានដល់សេវាកម្មរថភ្លើង នៅទីក្រុងសេអ៊ូល។ រដ្ឋាភិបាលកំពុងតាមដាន ស្ថានភាពជន់ឡើងភ្លាមៗនៃទឹកទន្លេ ដែលហូរមកពីកូរ៉េខាងជើង និងជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រាប់មីន ដែលត្រូវបានបង្កប់នៅតាមព្រំដែន ហើយអាចហូរមកតាម។ យោធាកូរ៉េខាងត្បូងថា មិនអាចច្រានចោលលទ្ធភាពដែលថា កូរ៉េខាងជើងបានដាក់មីនបន្ថែមទៀតនោះទេ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក Lee Chang-hyun អ្នកនាំពាក្យយោធាកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មានថា «យើងកំពុងតាមដានកម្រិតទឹកនៅក្នុងទន្លេសំខាន់ៗ ដែលបែងចែកប្រទេសខាងត្បូង និងកូរ៉េខាងជើង ក្នុងពេលវេលាជាក់ស្តែង»

គួរបញ្ជាក់ថា ជាធម្មតានៅកូរ៉េខាងត្បូង ភ្លៀមូសុងប្រចាំឆ្នាំកើតមាននៅអំឡុងខែកក្កដា។ បើតាម Reuters កូរ៉េខាងជើង តែងព្រងើយកន្តើយនឹងការទាមទាររបស់កូរ៉េខាងត្បូង ឱ្យផ្តល់ការជូនដំណឹងនៅពេលបើកទ្វារអាងស្តុកទឹកដ៏ធំមួយ បន្ទាប់ពីករណីទឹកជំនន់ភ្លាមៗធ្លាប់ឆក់យកអាយុជីវិតមនុស្ស ៦នាក់នៅកូរ៉េខាងត្បូង កាលពីឆ្នាំ ២០០៩៕