(ប៉េកាំង)៖ ដោយផ្តោតលើគោលបំណងដើមរបស់ខ្លួនយ៉ាងទៀងទាត់ ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ ដើម្បីបន្តការប្រកាន់យកមាគ៌ា នៃការអភិវឌ្ឍសង្គមនិយមតាមបែបផែនចិន នឹងក្លាយជាករណីយកិច្ចប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់បក្សកុម្មុយនីស្តចិន ក្នុងការសម្រេចបានសមិទ្ធផលមហិមាជាច្រើនសម្រាប់យុគសម័យថ្មីនេះ។

កិច្ចប្រជុំពេញអង្គលើកទី៣នេះ នឹងបង្កើនស្មារតីរបស់ជនកុម្មុយនីស្ត និងសមាជិកទាំងអស់របស់បក្សកុម្មុយនីស្តចិន ត្រូវបន្តត្រៀមខ្លួន រួចជាស្រេចចូលរួម ក្នុងដោះស្រាយបញ្ហាសកល ដើម្បីផ្តល់វិបុលភាពនិងឧត្តមានុភាព ក្នុងការសម្រេច បានការស្តារ ភាពអស្ចារ្យឡើងវិញជូនប្រទេសនិងប្រជាជនចិន ព្រមទាំងខិតខំជំរុញល្បឿន នៃកិច្ចស្វាគមន៍ដំណើរវិលត្រឡប់ របស់កោះតៃវ៉ាន់មកកាន់មាតុភូមិរបស់ខ្លួនវិញ ក្នុងពេលដ៏ខ្លីនាំទៅដល់ ការសម្រេចបានសុបិនចិន ក៏ដូចជាផ្តល់កម្លាំងគ្រប់គ្រាន់ ដល់ប្រទេសចិនរួមគ្នាជាមួយពិភពលោក ក្នុងការរួមគ្នាជំរុញល្បឿននៃការកសាង ភាពជាដៃគូដែលផ្តល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការអភិវឌ្ឍ សន្តិភាព វិបុលភាព សមភាព និងភាពយុត្តិធម៌នៅទូទាំងពិភពលោក។ បន្ថែមពីលើនេះ កិច្ចប្រជុំពេញអង្គលើកទី៣ នឹងផ្តល់លទ្ធផលវិជ្ជមានដល់ ការអនុវត្តកាន់តែប្រសើរឡើងដល់ ភាពស្រស់ស្អាតរបស់ប្រទេសចិន ការរួមចំណែកពង្រីកទំហំវិមាត្រ នៃអរិយធម៌អេកូឡូស៊ី សេដ្ឋកិច្ចបៃតង និងគោលការណ៍សន្តិភាពនិយមជាដើម។

ដោយផ្តោតលើមាគ៌ាសម្រេចទិសដៅកំណែទម្រង់ស៊ីជម្រៅ និងការបើកទូលាយលើវិស័យសេដ្ឋកិច្ចស្របតាមនិន្នាការ ពិភពលោកបច្ចុប្បន្ន កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០នឹងបន្តគូសរំលេច នូវកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសចិន តាមរយៈការប្រើប្រាស់ពាក្យដ៏សាមញ្ញរបស់ប្រទេសចិន នោះគឺពិភពលោកបច្ចុប្បន្ន ជាពិភពលោក ដែលបើកចំហ ហើយប្រទេសចិនមិនអាច អភិវឌ្ឍនៅពីក្រោយការបិទទ្វារ និងរឹងរឹតតែមិនអាចអភិវឌ្ឍនៅដាច់ដោយឡែក ពីពិភពលោកទាំងមូលបានឡើយ។

កិច្ចប្រជុំពេញអង្គលើកទី៣នេះ បានលាតត្រដាងដោយច្បាស់លាស់ថា ប្រទេសចិននៅតែបន្តធ្វើកំណែទម្រង់ ហើយចិនយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត ទៅលើភាពបន្ស៊ីគ្នា នៃផែនការការងារ ការអនុវត្តការងារក៏ដូចជា លទ្ធផលការងារ។ លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងធានាឲ្យបានថា វិធានការកំណែទម្រង់ទាំងនោះសំដៅចំ គោលនយោបាយរបស់ខ្លួន ហើយវិធានការទាំងនោះ នឹងមានការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ផ្តោតទៅលើ ការសម្រេចគោលដៅ នៃវិថីនៃការបន្តធ្វើកំណែទម្រង់ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ស្របនឹងតថភាព ដែលបានបង្ហាញយ៉ាងប្រត្យក្សថា វឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសចិន បន្តជាកាលានុវត្តភាពនៃកំណើនសេដ្ឋកិច្ចសកល។

ដោយផ្តល់ជូនវិបុលភាពកាន់តែប្រសើរដល់ប្រជាជាតិចិន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០នឹងបន្តមរតក នៃទំនុកចិត្តនៅក្នុង វប្បធម៌ប្រវត្តិសាស្ត្រដ៏រុងរឿងជាង៥០០០ឆ្នាំរបស់ខ្លួន ដែលចាក់ឬសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ប្រជាជាតិចិន និងប្រជាជាតិនានា ដែលបានបន្ស៊ីសញ្ញាណវប្បធម៌ចិន ទៅក្នុងសង្គមរស់នៅរបស់ខ្លួន។

កិច្ចប្រជុំពេញអង្គលើកទី៣នេះ នឹងបន្តស្មារតីរួមរបស់ប្រជាជាតិចិនទាំង៥៦ជនជាតិ ក្នុងការលើកកម្ពស់តម្លៃស្នូល នៃសង្គមរបស់ប្រទេសចិន លើកស្ទួយស្មារតីជាតិដែលបង្ហាញពី ក្តីស្រឡាញ់អរិយធម៌ ព្រមទាំងចូលរួមជាចំណែកយ៉ាងសកម្ម ឆ្លើយតបនឹងការអនុវត្តដោយល្អប្រសើរ នូវខ្លឹមសារជាសារវន្តនៃគំនិតផ្តួចផ្តើម អរិយធម៌សកលសម្រាប់មនុស្សជាតិ ហើយវាក៏ជាគ្រឹះដ៏រឹងមាំមួយសម្រាប់ប្រទេសចិន ឈានឆ្ពោះទៅកសាងប្រទេសសង្គមនិយមសម័យទំនើប ប្រកបដោយភាពរុងរឿង ប្រជាធិបតេយ្យ ស៊ីវិល័យ និងភាពសុខដុមរមនា។

ដោយរក្សានូវគោលនយោបាយការទូតសន្តិសហវិជ្ជមាន ដូចមានចែងក្នុងគោលការណ៍សន្តិភាពទាំង៥ចំណុច តាំងពី៧០ឆ្នាំមុន កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០នឹងរំលេចយ៉ាងច្បាស់ថា ប្រទេសចិននឹងបន្តតួនាទីយ៉ាងសកម្មរបស់ខ្លួន ជំរុញពន្លឺរស្មីឥទ្ធិពលនៃសន្តិភាព ហើយតាមរយៈប្រាជ្ញាចិនស្តីពីការរួមគ្នា កសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ នឹងជំរុញល្បឿននិន្នាការសកលឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះដោយទទួលបាននូ វសន្ទុះគាំទ្រប្រទេសចិនកាន់តែខ្លាំងឡើង។

ប្រាជ្ញាចិនបានកំពុងដាស់តឿនមនុស្សជាតិ ដែលកំពុងស្ថិតនៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏សំខាន់ ស្របជាមួយនិងការប្រែប្រួល និងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ដើម្បីរួមគ្នានិន្នាការឆ្ពោះទៅរក ពិភពលោកពហុប៉ូល រួមគ្នាលើកកម្ពស់ពិពិធកមុ្មនៃវប្បធម៌ រួមគ្នាតភ្ជាប់ និងការអាស្រ័យលើគ្នាទៅវិញទៅមករវាងប្រទេសនិងប្រជាជន។ កិច្ចប្រជុំពេញអង្គលើកទី៣នេះ នឹងបញ្ជាក់កាន់តែច្បាស់លាស់ពីបុរេសកម្មរបស់ប្រទេសចិន ដែលតែងគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ហើយរួមជាមួយបណ្តាប្រទេសនានា សម្រេចឲ្យបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ។ ប្រទេសចិនយល់ថា ពិភពលោកគួរតែអនុញ្ញាត ដោយសោមន្សរីករាយឱ្យពន្លឺនៃសន្តិភាពឆ្លងកាត់ពីមួយជំនាន់ ទៅមួយជំនាន់ នាំគ្នាជំរុញល្បឿនការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ ដែលនេះជាអ្វីដែលបក្សកុម្មុយនីស្តចិន តែងប្រាថ្នានិងផ្តល់ជូនដល់ប្រជាជាតិចិនក៏ដូចជា បំណងប្រាថ្នារបស់ ប្រជាជនគ្រប់ប្រទេសទាំងអស់ ចង់បាន ហើយវាក៏ជាការទទួលខុសត្រូវ ដែលរដ្ឋបុរសទាំងអស់ក្នុងជំនាន់របស់យើងនេះ គួរតែរែកពុន។

ជារួម លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ នឹងបង្ហាញដល់ពិភពលោកថា ប្រទេសចិនដែលជាសមាជិកស្ថាបនិក របស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងបង្កើនសកម្មភាពរបស់ខ្លួនចូលរួម ជាមួយបណ្តាប្រទេសនានាក្នុងការរួមគ្នាថែរក្សាសន្តិភាព វិបុលភាព វឌ្ឍនភាពរបស់មនុស្សជាតិ ដោយខិតខំបង្កើនកម្លាំង ជាមួយបណ្តាប្រទេសនានាទាំងអស់ក្នុងការរួមសាមគ្គីគ្នា ដោះស្រាយបញ្ហាសកលដោយឈរយ៉ាងរឹងមាំ លើទម្រនៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន