(ហាណូយ)៖ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong ដែលមានវ័យ៨០ឆ្នាំ នឹងសម្រាកពីការងារមួយរយៈពេល ដើម្បីផ្តោតលើសុខភាពរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤។

បក្សកុម្មុយនិស្តវៀតណាម បាននិយាយថា ប្រធានាធិបតីវៀតណាម លោក To Lam នឹងឡើងជាមេដឹកនាំស្តីទី ដើម្បីដឹកនាំការងារ​របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋានរបស់បក្ស ស្របពេលលោក Trong នឹងផ្តោតទៅលើ ​ការតាមដាននិងព្យាបាលសុខភាពសកម្មជាងមុខ។ នៅក្នុងប្រទេសវៀតណាម អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមាន​អំណាចជាងគេបង្អស់ ខណៈតំណែងប្រធានាធិបតី មិនសូវជាមានឥទ្ធិពលនោះទេ។ ចំណែក តំណែងពីរផ្សេងទៀត ដែលស្ថិតក្នុងសសរស្តម្ភទាំង៤ នៃរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់វៀតណាម គឺនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។

គួរបញ្ជាក់ថា លោក Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងតែពីឆ្នាំ២០១១មក ហើយ​លោកក៏បានកាន់តួនាទីជាប្រធានាធិបតីផងដែរ កាលពីចន្លោះឆ្នាំ២០១៨-២០២១។ អាយុកាន់តែច្រើន និងការថយចុះសុខភាព របស់លោក Trong បានបង្កឱ្យមានការសន្និដ្ឋានមួយចំនួនថា រូបលោកប្រហែលជានឹងមិនអាច នៅបន្តកាន់អំណាចរហូតដល់ សមាជបក្សឆ្នាំ២០២៦ឡើយ ហើយត្រូវបានរំពឹងថា នឹងតែងតាំងអ្នកបន្តវេនពីលោក៕