(គៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) បានអំពាវនាវឱ្យអឺរ៉ុបរក្សាការរួបរួមក្នុងការគាំទ្រទីក្រុងគៀវ ខណៈដែលលោកបានមកដល់សម្រាប់កិច្ចប្រជុំកំពូល នៅចក្រភពអង់គ្លេសជាមួយមេដឹកនាំមកពីទូទាំងទ្វីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទីថ១៨ ខែកក្កដា ឆ្នាំ២០២៤។

មុនពេលកិច្ចប្រជុំលោក Zelensky បានថ្លែងថា «សម្រាប់ពួកយើង វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាការរួបរួមនៅអឺរ៉ុប ពីព្រោះការរួបរួមនេះតែងតែនាំទៅរកការសម្រេចចិត្តដ៏រឹងមាំ»

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះ មេដឹកនាំអ៊ុយក្រែននឹងអង្គុយជជែកជាមួយមេដឹកនាំប្រហែល៤៥រូបមកពីទូទាំងទ្វីបអ៊ឺរ៉ុប នៅវិមាន Blenheim ដ៏ប្រណិតក្បែរទីក្រុង Oxford។ បន្ទាប់មក លោក Zelensky ក៏គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំជាច្រើនរូប រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងស្តេច Charles III។ ហើយ លោកក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស ដើម្បីគាំទ្រដល់វិស័យការពារជាតិ និងឧស្សាហកម្មអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក Zelenskyy នេះ កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីដើមខែនេះ ដែលបានធ្វើឱ្យមានការខកចិត្តពីសមភាគីសហភាពអឺរ៉ុប។ ទោះបីជាលោក Orban បានបង្ហាញការគាំទ្រចំពោះអ៊ុយក្រែននៅឯកិច្ចប្រជុំក៏ដោយ លោកក៏បានសង្កត់ធ្ងន់ថា ដំណោះស្រាយចំពោះសង្រ្គាមមិនអាចរកឃើញ នៅក្នុងសមរភូមិនោះទេ។

ទន្ទឹមគ្នានេះ អ៊ុយក្រែន និងសម្ព័ន្ធមិត្តនៅអឺរ៉ុបកំពុងតាមដានយ៉ាងដិតដល់ ចំពោះការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ ដោយសារតែមានការព្រួយបារម្ភថា លោក Donald Trump អាចកាត់បន្ថយជំនួយរបស់អាមេរិកដល់អ៊ុយក្រែន ប្រសិនបើលោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី៕