(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងម៉ូស្គូ មើលឃើញពីវត្តមានកងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) កាន់តែកើនឡើង នៅក្នុងសមុទ្រខ្មៅថាជាការគំរាមកំហែង ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធានាសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

លោក Peskov បានកត់សម្គាល់ថា «វត្តមានដ៏ច្រើននៃនាវាណាតូ ដោយគិតទាំងប៊ុលហ្គារី និងរូម៉ានី ដែលជារដ្ឋឆ្នេរសមុទ្រដែលជាសមាជិកនៃសម្ព័ន្ធភាព...បង្កការគំរាមកំហែងបន្ថែមដល់សហព័ន្ធរុស្ស៊ី ជាពិសេសដោយពិចារណាលើការចូលរួមដោយផ្ទាល់របស់រដ្ឋណាតូ នៅក្នុងជម្លោះជុំវិញអ៊ុយក្រែន»។

លោកបាននិយាយថា រុស្ស៊ីនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសន្តិសុខរបស់ខ្លួន។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Peskov នេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញក្រឹត្យចុងក្រោយរបស់លោក ស្តីពីយុទ្ធសាស្ត្រសន្តិសុខសមុទ្រថ្មី។ ក្រឹត្យនេះគូសបញ្ជាក់ពីយុទ្ធសាស្ត្ររបស់ទីក្រុងគៀវ សម្រាប់ធានាសន្តិសុខនៅក្នុងសមុទ្រខ្មៅ និងមានវិធានការដែលមានគោលបំណងពង្រឹងកងកម្លាំងកងទ័ពជើងទឹកអ៊ុយក្រែន រួមទាំងវត្តមានអចិន្ត្រៃយ៍របស់កងកម្លាំងណាតូនៅក្នុងសមុទ្រខ្មៅ៕