(អូតាវ៉ា)៖ រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Melanie Joly នឹងជួបពិភាក្សាជាមួយសមភាគីចិន លោក Wang Yi នៅទីក្រុងប៉េកាំងនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទីថ១៨ ខែកក្កដា ឆ្នាំ២០២៤។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោកស្រី Joly ទៅកាន់ប្រទេសចិនក្នុងនាមជារដ្ឋមន្រ្តីការបរទេស តបតាមការអញ្ជើញរបស់លោក Wang Yi។

រដ្ឋមន្រ្តីទាំងពីរនឹងពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក ព្រមទាំងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមរួមគ្នា។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងកាណាដា បានជួបភាពតានតឹងនឹងគ្នា ចាប់តាំងពីចុងឆ្នាំ ២០១៨ បន្ទាប់ពីជនជាតិចិនម្នាក់ត្រូវបានឃុំខ្លួននៅកាណាដា និងការចាប់ខ្លួនជនជាតិកាណាដាពីរនាក់នៅក្នុងប្រទេសចិន។ ទោះបីជាពួកគេទាំងបីនាក់ត្រូវបានដោះលែងក៏ដោយ ក៏ការចោទប្រកាន់របស់ទីក្រុង Ottawa អំពីការជ្រៀតជ្រែករបស់ចិននៅក្នុងប្រទេសកាណាដានៅតែបន្ត ដែលធ្វើឱ្យទំនាក់ទំនងមានភាពតានតឹង។

ដំណើរទស្សនកិច្ចនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីសមាជិកអង្គការ NATO រួមទាំងកាណាដា បានចេញសេចក្តីប្រកាសមួយដែលបានហៅចិនថាជា «អ្នកជួយដ៏សំខាន់» ក្នុងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងប៉េកាំងបានបង្កបញ្ហាប្រឈមជាប្រព័ន្ធដល់សន្តិសុខអឺរ៉ូ-អាត្លង់ទិក៕