(​វ៉ាស៊ីនតោន)៖ បន្ទាប់ពីធ្លាប់ធ្វើជាគូសត្រូវនឹងគ្នាកាលពីអតីតកាល ឥលូវចិន និងរុស្ស៉ីបានបង្កើតសម្ព័ន្ធភាពជាក់ស្ដែងមួយ ឬ de facto alliance បើទោះជាមិនអាចឡើងដល់កម្រិត «ភាពជាដៃគូគ្មានព្រំដែន» ដូចដែលលោកប្រធានាធិបតី ស៊ី ជីនពីង និងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានបង្កើតឡើង នៅប៉ុន្មានសប្ដាហ៍មុននឹងរុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២ ក៏ដោយ។ ទំនាក់ទំនងសេដ្ឋកិច្ច យោធា និងនយោបាយរវាងចិន និងរុស្ស៉ី បាន និងកំពុងរីកធំធាត់ជាលំដាប់ ស្របពេលមហាអំណាចទាំង២ សម្លឹងឃើញ សហរដ្ឋអាមេរិកជាសត្រូវរួមរបស់ពួកគេ។

* ដូច្នេះតើអ្វីទៅជាកត្តាជំរុញឱ្យចិន និងរុស្ស៉ីខិតជិតគ្នា?
ការខិតទៅរកគ្នារវាងចិន និងរុស្ស៉ី គឺផ្ដើមចេញពីការចែកផ្លូវរួមគ្នាចេញពីទីក្រុងវ៉ាស៊ីនតោន ដែលកាន់តែមានលក្ខណៈស៊ីជម្រៅឡើង ក្រោយសហរដ្ឋអាមេរិកឈ្លានពាន​ប្រទេសអ៉ីរ៉ាក់ ក្នុងឆ្នាំ២០០៣។ ការចែកផ្លូវគ្នារវាងប្រទេសទាំង២ជាមួយសហរដ្ឋអាមេរិក កាន់តែបើកចំហខ្លាំងឡើង នៅបន្ទាប់ពីផ្ទុះវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ ដែលមានប្រភពក្នុងសហរដ្ឋអាមេរិក។ ចិន និងរុស្ស៉ីបានធ្វើការសន្និដ្ឋានថាវិបត្តិហិរញ្ញវត្ថុនៅពេលនោះ ធ្វើឱ្យពិភពលោកបាត់បង់ជំនឿលើគំរូសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក។ ប្រទេសទាំង២ បានបង្កើនទំនាក់ទំនង បន្តិចម្ដងៗដោយប្រុងប្រយ័ត្ន រហូតដល់ឆ្នាំ២០១៤ ជាពេលដែលការក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែនរបស់រុស្ស៉ី បានបង្កទៅជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការកាត់ផ្ដាច់ទំនាក់ទំនងរវាង មូស្គូ និងបណ្ដាប្រទេសលោកខាងលិចមួយភាគធំ។ ព្រឹត្តិការណ៍ទាំងនេះឯងបានបង្ខំឱ្យរុស្ស៉ី ត្រូវងាកទៅរកដៃគូថ្មី ជាពិសេសគឺទីផ្សារថ្មីសម្រាប់ការនាំចេញថាមពលរបស់ខ្លួន។ ចិនដែល នៅពេលនោះមានការរីកចម្រើនយ៉ាងលឿនរហ័ស និងជាម៉ូយទិញអាវុធពីរុស្ស៉ីស្រាប់ផងនោះ គឺជាដៃគូស័ក្តិសមបំផុត។ ចិន និងរុស្ស៉ីមានទស្សនៈអរិយភាពយ៉ាងខ្លាំងចំពោះការពង្រីកឥទ្ធិពល របស់សម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ដែលប្រទេសទំាង២ ចាត់ទុកថាជា «ដែនឥទ្ធិពលរបស់ខ្លួន»។ សម្រាប់រុស្ស៉ី នោះគឺការពង្រីកឥទ្ធិពលរបស់ NATO​ ក្នុងតំបន់អឺរ៉ុបខាងកើត រីឯសម្រាប់ចិន នោះគឺការបង្កើតបណ្ដាញសម្ព័ន្ធមិត្តក្រោមសន្ធិសញ្ញាយោធារបស់សហរដ្ឋអាមេរិក ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាការពិតណាស់ ទោះមិនមែនជា សម្ព័ន្ធមិត្តផ្លូវការក្រោមសន្ធិសញ្ញាក៏ពិតមែន តែភាពជាដៃគូរវាងចិន និងរុស្ស៉ីត្រូវបានពង្រឹងគួរឱ្យកត់សម្គាល់ដោយទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោក ស៊ី ជីនពីង និងលោក ពូទីន។

* ហេតុអ្វីលោក ស៊ី ជីនពីង និងលោក ពូទីនមានភាពស្និទ្ធស្នាល?
ក្រុមអ្នកជំនាញសិក្សាពីប្រទេសចិន និងរុស្ស៉ី បាននិយាយថាលក្ខណៈស្រដៀងគ្នារវាងលោក ស៊ី ជីនពីង និងលោក ពូទីន គឺមេដឹកនាំទាំង២មានការតាំងចិត្តកម្ចាត់គូប្រជែងរបស់ខ្លួន និងប្រែមុខមាត់ ប្រទេសរបស់ខ្លួនឱ្យក្លាយជាមហាអំណាចដែលសហរដ្ឋអាមេរិក និងអឺរ៉ុបមិនអាចមើលស្រាលបាន។ លោក ស៊ី ជីនពីង និងលោក ពូទីន ធ្លាប់បានជួបគ្នាជាង ៤០លើក ក្នុងនោះរួមមានរៀនធ្វើនំគាវចិន ជាមួយគ្នាក្នុងទីក្រុង Tianjin និងធ្វើនំ pancakes ក្នុងទីក្រុង Vladivostok។ ក្នុងឆ្នាំ២០១៩ លោក ស៊ី ជីនពីង បានហៅលោក ពូទីនថាជា «មិត្តសម្លាញ់»។ លោក ពូទីន បានជ្រើសរើសយកចិន ជាគោលដៅធ្វើទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៉ីសម្រាប់អាណត្តិទី៥ កាលពីខែឧសភា ឆ្នាំ២០២៤ ជាការឆ្លើយតប ទៅនឹងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូ កាលពីខែមីនា ឆ្នាំ២០២៣ ដែលពេលនោះជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់លោក ស៊ី ជីនពីង ក្នុងនាមជា ប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅឯទីក្រុងប៉េកាំង មេដឹកនាំទាំង២ បានប្រកាសថាទំនាក់ទំនងចិន-រុស្ស៉ីកំពុងមានភាពល្អប្រសើរជាងពេលណាៗទាំងអស់ក្នុងនៅប្រវត្តិនៃប្រទេសទាំង២។ ដោយឡែក ក្នុងសេចក្ដីថ្លែងការណ៍រួមកាលពីឆ្នាំ២០២៣ លោក ស៊ី ជីនពីង និងលោក ពូទីន បានបង្ហាញពីទស្សនយល់ឃើញដូចគ្នា ចំពោះគំនិតប្រជាធិបតេយ្យលោកខាងលិច ដោយនិយាយថាវាអាស្រ័យលើ ប្រទេសនីមួយៗដែលមានសិទ្ធិនិយាយពីប្រជាធិបតេយ្យរបស់ពួកគេ។

* តើចិន និងរុស្ស៉ី អាចឱ្យអ្វីគ្នាទៅវិញទៅមក?
ចាប់តាំងពីឆ្នាំ២០១៤ រុស្ស៉ីបានលក់ប្រព័ន្ធអាវុធដ៏ទំនើបបំផុតរបស់ខ្លួនមួយចំនួនទៅឱ្យចិន ក្នុងនោះរួមមានប្រព័ន្ធខែលប្រឆាំងមីស៊ីល S-400 ថ្លៃ៥ពាន់លានដុល្លារ និងយន្ដហោះចម្បាំង SU-35។ រីឯ ចិនវិញបានក្លាយជាអតិថិជនទិញប្រេង ឧស្ម័ន និងធ្យូងថ្មដ៏ធំបំផុតពីរុស្ស៉ី។ ក្នុងរយៈពេល២ខែ ក្រោយរុស្ស៉ីក្រសោបយកតំបន់គ្រីមៀ ក្រុមហ៊ុនរុស្ស៉ី Gazprom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ មានទំហំទឹកប្រាក់ ៤០០ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ឱ្យចិននូវនូវឧស្ម័នធម្មជាតិតាមរយៈបំពង់បង្ហូរឧស្ម័នមានឈ្មោះថា Power of Siberia បើទោះជាលក់ឱ្យចិនបានថ្លៃថោកជាងលក់ឱ្យអតិថិជន នៅអឺរ៉ុបក៏ដោយ។ បន្ទាប់ពីរងការដាក់ទណ្ឌកម្មពីលោកខាងលិច ដោយសារការធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ចិនបានក្លាយជាអតិថិជនកាន់តែសំខាន់សម្រាប់រុស្ស៉ី នាំចេញឧស្ម័នដើម្បីទប់ទល់នឹង ទណ្ឌកម្ម។ លោក ពូទីនធ្លាប់បានបញ្ជាក់ថាពាណិជ្ជកម្ម និងការវិនិយោគគឺជាប្រធានបទគន្លឹះនៃកិច្ចពិភាក្សាជាមួយលោក ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងប៉េកាំង កាលពីខែឧសភា ឆ្នាំ២០២៤ ក្នុងបរិបទដែលសហរដ្ឋអាមេរិកបង្កើនការដាក់សម្ពាធឱ្យចិនបញ្ឈប់ការគាំទ្រទាំងឡាយណាដែលជួយឱ្យរុស្ស៉ីអាចបន្តធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ចិន និងរុស្ស៉ីក៏បានបង្កើន កិច្ចសហប្រតិបត្តិការរបស់ពួកគេនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ តាមរយៈការប្រើប្រាស់សិទ្ធិវេតូការពារគ្នា និងរួមគ្នាប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

ការរីកធំធាត់នៃកិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៉ី បានបង្កជាក្ដីកង្វល់មួយយ៉ាងធំដល់អ្នកបង្កើតគោលនយោបាយក្នុងសហរដ្ឋអាមេរិក ដោយពួកគេបារម្ភថាសហរដ្ឋអាមេរិក អាចនឹងត្រូវប្រឈមមុខ នឹងសមរភូមិសង្រ្គាម ២។ ពោលគឺពួកគេខ្លាចថាចិនអាចឆក់ឱកាសដែលសហរដ្ឋអាមេរិកកំពុងជាប់ដៃជួយអ៊ុយក្រែនធ្វើសង្រ្គាមប្រឆាំងនឹងរុស្ស៉ី ដើម្បីបើកការវាយប្រហារលើតៃវ៉ាន់ គួបផ្សំសហរដ្ឋអាមេរិក កំពុងជាប់ដៃជួយអ៉ីស្រាអែល ក្នុងសង្រ្គាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ ជប៉ុនឯណោះវិញ ក៏បានបង្ហាញការព្រួយបារម្ភដែរ ក្នុងរបាយការណ៍យោធាប្រចាំឆ្នាំ២០២៣ ចំពោះការកើនឡើងការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាងចិន និងរុស្ស៉ី ដោយចាត់ទុកសមយុទ្ធនេះជាចេតនាបង្ករឿងយ៉ាងច្បាស់ក្រឡែត។ លើសពីនេះទៅទៀត លោក ពូទីន និងលោក ស៊ី ជីនពីង ថែមទាំងបានប្រកាសទៀតផងនៅឯកិច្ចប្រជុំកាលពីខែឧសភាកន្លងទៅ ក្នុងទីក្រុងប៉េកាំងថាយោធានៃប្រទេសទាំង២ នឹងពង្រឹងការជឿទុកចិត្តគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។

គួរបញ្ជាក់ថា នៅក្រោមក្រសែភ្នែកអាមេរិក និងលោកខាងលិច ការខិតជិតគ្នារវាងចិន និងរុស្ស៉ី គឺមានគោលដៅធំ ក្នុងការកែប្រែសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃ ដែលទាំងលោក ពូទីន និងលោក ស៊ី ជីនពីងធ្លាប់និយាយថាសណ្ដាប់ធ្នាប់ពិភពលោកជ្រោមជ្រែងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចាប់តាំងពីការបិទបញ្ចប់សង្រ្គាមត្រជាក់មក គឺផ្ដល់ផលចំណេញឱ្យតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់អាមេរិក រែប៉ុណ្ណោះដែលទស្សនបែបនេះកំពុងទាក់ទាញការគាំទ្រពីក្រុមប្រទេស Global South។ ក៏ប៉ុន្តែខណៈអាមេរិក និងសម្ព័ន្ធមិត្ត អះអាងថាចិន និងរុស្ស៉ីមានចេតនាបំផ្លាញប្រព័ន្ធនយោបាយ ប្រជាធិបតេយ្យ និងកែប្រែសណ្ដាប់ធ្នាប់ពិភពលោក លោក ដូណាល់ ត្រាំ ដែលកំពុងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកសាជាថ្មីសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ រួមទាំងអ្នកនយោបាយប្រជានិយមមួយចំនួននៅតាមបណ្ដាប្រទេសអឺរ៉ុបខ្លួនឯង ក៏កំពុងបំផ្លាញជំនឿលើប្រព័ន្ធនយោបាយប្រជាធិបតេយ្យផងដែរ៕