(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Ryabkov បាននិយាយថាប្រទេសរបស់លោកអាចនឹងដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងផែនការ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់ខាងលើរបស់លោក Sergei Ryabkov ត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Interfax កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ជាមួយការសង្កត់ធ្ងន់ថាតំបន់ Kaliningrad របស់រុស្ស៉ីដែលស្ថិតនៅចន្លោះរវាងសមាជិក NATO គឺប៉ូឡូញ និងលីទុយអានី អាចជាគោលដៅចម្បងសម្រាប់ដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែរ។

សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានប្រកាសថាខ្លួននឹងចាប់ផ្ដើមដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ ក្នុងនោះរួមមានទាំងមីស៊ីល SM-6 មីស៊ីលគ្រូស Tomahawk និងមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់ នៅឆ្នាំ២០២៦ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការការពារតំបន់អឺរ៉ុប និង NATO។

គួរបញ្ជាក់ថា ការប្រកាសពីផែនការរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមិថុនាកន្លងទៅ បានព្រលយថាមូស្គូនឹង ចាប់ផ្ដើមផលិតឡើងវិញនូវមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយខ្លី និងមធ្យម ហើយថានឹងសម្រេចចិត្តថាត្រូវដាក់ពង្រាយមីស៊ីលទាំងនោះនៅទីកន្លែងណា ក្នុងករណីចាំបាច់។ មីស៊ីលភាគច្រើនរបស់រុស្ស៉ី មានសមត្ថភាពបំពាក់បានទាំងក្បាលគ្រាប់នុយក្លេអ៊ែរ និងក្បាលគ្រាប់ធម្មតា៕