(ហ្សេរុយសាឡឹម)៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hajari បាននិយាយនៅថ្ងៃនេះ (ថ្ងៃសុក្រ) ថាមាន «សញ្ញាកើនឡើង» ដែលថា លោក Mohammed Deif មេដឹកនាំស្លាបយោធានៃក្រុមហាម៉ាស ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសមួយនៅហ្គាហ្សាកាលពីសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

លោក Hajari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោក Deif កំពុងអង្គុយក្បែរមេបញ្ជាការកងពលតូចហាម៉ាសនៃទីក្រុង Khan Yunis គឺលោក Rafa Salameh ក្នុងអំឡុងពេលវាយឆ្មក់នោះ។ លោកបានបន្ថែមថា៖ «Salameh ត្រូវបានសម្លាប់យ៉ាងប្រាកដ»។

លោក Hajari បាននិយាយទៀតថា «ក្រុមហាម៉ាសកំពុងលាក់បាំងជោគវាសនារបស់ Deif ប៉ុន្តែយើងនឹងស្វែងរក និងបង្ហាញពីអ្វីដែលបានកើតឡើងចំពោះគាត់»។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍កន្លងទៅ នៅ Khan Yunis បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា៕