(វ៉ាស៉ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកនៃបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយបានសន្យាថា នឹងជួយអ៊ុយក្រែន​បញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤។

លោកអតីតប្រធានាធិបតីអាមេរិក បានបង្ហោះសារលើប្រព័ន្ធ Truth Social របស់លោក យ៉ាងដូច្នេះថា «ខ្ញុំឱ្យតម្លៃលើលោក ហ្សេលេនស្គី សម្រាប់ការទាក់ទងមកកាន់ខ្ញុំ ព្រោះក្នុងនាមជាប្រធានាធិបតីបន្ទាប់នៃសហរដ្ឋអាមេរិក ខ្ញុំនឹងនាំសុខសន្តិភាពឱ្យពិភពលោកទាំងមូល រួមជាមួយទីបញ្ចប់នៃសង្រ្គាម ដែលបានសម្លាប់មនុស្សអស់យ៉ាងច្រើន ហើយបំផ្លាញគ្រួសារស្លូតត្រង់រាប់មិនអស់»។ លោក ហ្សេលេនស្គី ក៏បានទទួលស្គាល់កិច្ចសន្ទនាខាងលើផងដែរ ដោយនិយាយថា រូបលោកបានយល់ស្របជាមួយលោក ត្រាំ ដើម្បីពិភាក្សាគ្នា​អំពីជំហានដែលអាចឆ្ពោះទៅរក សន្តិភាពមួយដែលយុត្តិធម៌ និងឋិតថេរយូរអង្វែងពិតប្រាកដ។

គួរបញ្ជាក់ថា ជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆិកាខាងមុខ អាចនឹងបង្កភាពស្រពេចស្រពិលលើ ​ការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់អ៊ុយក្រែន ដែលកំពុងតែស្ថិតក្នុងឆ្នាំទី៣ នៃសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ លោក ត្រាំ ធ្លាប់បានអះអាងម្តងហើយម្តងទៀតថា លោកនឹងបញ្ចប់សង្រ្គាមនេះក្នុងពេលដ៏ខ្លី ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថា តើវាអាចសម្រេចទៅបាន​ ដោយរបៀបណាឡើយ៕