(ដាក្កា)៖ នៅសៅរ៍នេះ ទាហានបង់ក្លាដែសចាប់ផ្តើមដើរល្បាតតាមដងផ្លូវនៅក្នុងរដ្ឋធានីដាក្កា (Dhaka) និងបានបិទផ្លូវអំឡុងពេលមានបម្រាមគោចរដើម្បីលុបបំបាត់ការតវ៉ាដែលដឹកនាំដោយសិស្សនិស្សិត ប្រឆាំងនឹងកូតាការងាររបស់រដ្ឋាភិបាល ហើយដែលបានឱ្យមនុស្ស ១១០នាក់ស្លាប់ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ ២០២៤។

ប្រព័ន្ធអ៉ីនធឺណិត និងសេវាកម្មផ្ញើរសារតាមទូរស័ទ្ទដៃបានដំណើរការផ្អាកតាំងពីថ្ងៃព្រហស្បតិ៍មក ខណៈប៉ូលិសបានបង្ក្រាបការតវ៉ាដែលបន្ត ទោះជាមានការហាមឃាត់ការជួបជុំជាសាធារណៈក្តី។ ដោយឡែក ការទូរស័ព្ទទៅក្រៅប្រទេសភាគច្រើនមិនអាចភ្ជាប់បានទេ ស្របពេលដែលគេហទំព័ររបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសបង់ក្លាដែសមិនអាចផ្សាយព័ត៌មានថ្មីៗបាន។ បើតាមប្រធានក្រុមអ្នកវិទ្យាសាស្ត្រនៃបណ្តាញ និងសន្តិសុខតាមអ៉ីនធឺណេតនៅវិទ្យាស្ថាន USC Viterbi's Information Sciences លោក John Heidemann «ការធ្វើឱ្យប្រទេសមួយដែលមានប្រជាជនជិត ១៧០លាននាក់គ្មានសេវាអ៉ីនធឺណេតគឺជាចំណាត់ការធ្ងន់ធ្ងរមួយ ដែលយើងមិនធ្លាប់បានឃើញឡើយ ចាប់តាំងពីបដិវត្តន៍អេហ្ស៉ីប ឆ្នាំ ២០១១»។

គួរបញ្ជាក់ថា ប្រទេសនៅតំបន់អាស៉ីអាគ្នេយ៍មួយនេះ បានូវរងការតវ៉ាយ៉ាងខ្លាំងក្លាក្នុងសប្តាហ៍នេះ ជុំវិញកូតាលើវិស័យការងារសាធារណៈ ដែលរួមមានទាំងការកំណត់ប្រព័ន្ធកូតាការងារ៣០% សម្រាប់ចំនួនកូនចៅជំនាន់ក្រោយ របស់ក្រុមអ្នកតស៊ូដើម្បីសេរីភាពសម័យសង្រ្គាមឆ្នាំ ១៩៧១ ដែលបង់ក្លាដែសទទួលបានឯករាជ្យពីប៉ាគីស្ថាន។ ការណ៍នេះ បានបង្កការខឹងសម្បារដល់សិស្សនិស្សិត ដែលកំពុងប្រឈមមុខនឹងអត្រាអត់ការងារធ្វើខ្ពស់ក្នុងចំណោមយុវជន ខណៈយុវជនបង់ក្លាដែសជិត ៣១លាននាក់មិនមានការងារធ្វើ ឬស្ថិតនៅក្រៅប្រព័ន្ធអប់រំក្នុងចំណោមប្រជាជនសរុប ១៧០លាននាក់។ រយៈពេល ៥ថ្ងៃមកនេះ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែងដើម្បីបំបែកការតវ៉ា ខណៈក្រុមបាតុករបានប៉ះទង្គិចជាមួយបុគ្គលិកសន្តិសុខ ដោយគប់ដុំថ្ម និងដុតរថយន្ត៕