(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដានេះបានឱ្យដឹងថាកូរ៉េខាងជើងបានបង្ហោះបាឡុងសណ្ដោងសំរាមសាជាថ្មី ចូលក្នុងទឹកដីកូរ៉េខាងត្បូង ទំនងជាការសងសឹក ទៅនឹងទីក្រុងសេអ៊ូល ដែលបានដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេងរិះគន់របបដឹកនាំលោក គីម ជុងអ៊ុននៅឯតំបន់ព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បងប្អូនកូរ៉េជាគូសត្រូវទាំង២ បានសងសឹកគ្នាទៅវិញទៅមកក្នុងយុទ្ធនាការបង្ហោះបាឡុង ហើយក្នុងនោះកូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមជិត ២០០០បាឡុង ចូលក្នុងដីកូរ៉េខាងត្បូង គិតចាប់តាំងពីខែឧសភាមក។ ទង្វើនេះត្រូវបានទីក្រុងព្យុងយ៉ាងអះអាងថាជាការសងសឹកទៅនឹងការបង្ហោះបាឡុងផ្ទុកខិត្តប័ណ្ណរិះគន់ប្រឆាំងកូរ៉េខាងជើង ពីសំណាក់សកម្មជនកូរ៉េខាងត្បូង។

ក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យនេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានគូសបញ្ជាក់ថា «កូរ៉េខាងជើងបានបង្ហោះបាឡុងសណ្ដោងសំរាមសាជាថ្មី ដោយហោះឆ្ពោះទៅកាន់ ផ្នែកខាងជើងនៃខេត្ត Gyeonggi។ ដូច្នេះ បើឃើញបាឡុងទាំងនោះ សូមរាយការណ៍ទៅកាន់ប៉ូលិស ឬយោធា ហើយកុំប៉ះពាល់បាឡុងទាំងនោះដោយផ្ទាល់ឱ្យសោះ»

គួរបញ្ជាក់ថា ការបង្ហោះបាឡុងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង កើតមានឡើងតែ៣ថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងសេអ៊ូលបានប្រកាសថាខ្លួនបានដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេង ឃោសនាប្រឆាំងកូរ៉េខាងជើង នៅឯតំបន់ព្រំដែន។ បើតាមតំណាងរាស្ត្រកូរ៉េខាងត្បូងម្នាក់កាលពីដើមខែកក្កដានេះ បាឡុងរបស់កូរ៉េខាងជើងបានរំខានដល់ជើងហោះហើរច្រើនជាង ១០០ ដែលដឹកនាំដំណើរសរុប ១០ ០០០នាក់។ ជាការឆ្លើយតប សេអ៊ូលបានសម្រេចព្យួរទាំងស្រុងនូវកិច្ចព្រមព្រៀងបន្ធូរបន្ថយភាពតានតឹងយោធាជាមួយព្យុងយ៉ាង និងប្រកាសកាលពីខែមិថុនា ហើយប្រកាសថាខ្លួននឹងចាប់ផ្ដើមដំណើរការឧបករណ៍បំពងសំឡេងនៅឯតំបន់ព្រំដែនឡើងវិញ៕