(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែកក្កដា បាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើសារមួយជូន រូបលោក បន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ រងរបួសត្រង់ស្លឹកត្រចៀក អំឡុងការប៉ុនប៉ងធ្វើឃាតមួយកាលពីសប្ដាហ៍មុន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ ធ្វើការអះអាងបែបនេះទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលើកដំបូងមួយក្នុងទីក្រុង Grand Rapids រដ្ឋ Michigan ចាប់តាំងពីរូបលោកគេចផុតពីការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «គាត់ (លោក ស៊ី ជីនពីង) បានផ្ញើជូនខ្ញុំ នូវ សារមួយដ៏មានអត្ថន័យកាលពីប៉ុន្មានថ្ងៃមុននេះ នៅពេលដែលគាត់បានដឹងពីអ្វីដែលបានកើតឡើង...ខ្ញុំ និងលោកប្រធានាធិបតី ស៊ី ពិតជារាប់អានគ្នាណាស់»។ លោក ត្រាំ ក៏បានលើកឡើងពីសារដែលលោកទទួលបានពីមេដឹកនាំពិភពលោកដទៃ ក្រោយការបាញ់ប្រហារនៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania ផងដែរ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋជាផ្លូវការហើយ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ៕