(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ទទួលបានសំឡេងគាំទ្រភាគច្រើនគ្រប់គ្រងពីប្រតិភូគណបក្សប្រជាធិបតេយ្យ ដើម្បី ឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីជំនួសលោក ចូ បៃដិន ដែលបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពពីក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី ហារីស។

ដោយឡែក បើតាមការវាយតម្លៃពីទីភ្នាក់ងារសារព័ត៌មាន Associated Press គិតត្រឹមកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា លោកស្រី ហារីស មានប្រតិភូនៅក្នុងដៃ ២២១៤រូបដែលបាន សន្យាថានឹងបោះឆ្នោតគាំទ្រលោកស្រី ជាបេក្ខជនប្រធានាធិបតីនៅថ្ងៃសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យនៅខែសីហាខាងមុខ ហើយចំនួនប្រតិភូនេះគឺលើសពីសំឡេង ភាគច្រើនដែលត្រូវការជាចាំបាច់ដើម្បីទទួលបានការតែងតាំង។

ក៏ប៉ុន្តែ Associated Press បាននិយាយថានេះគ្រាន់តែជាតួលេខ និងក្រៅផ្លូវការប៉ុណ្ណោះ ពីព្រោះប្រតិភូបក្សប្រជាធិបតេយ្យមានសេរីភាព ឬអាចប្ដូរចិត្តបានក្នុងការបោះឆ្នោត ជ្រើសរើសបេក្ខជនផ្លូវការ នៅឯសមាជជាតិរបស់បក្សដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែសីហា ក្នុងទីក្រុង Chicago។

គួរបញ្ជាក់ថា​ លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានប្រកាសដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតីក្នុងឆ្នាំ២០២៤ ដែលលោកអះអាងថាធ្វើឡើងដើម្បី ប្រយោជន៍សម្រាប់បក្សប្រជាធិបតេយ្យ និងប្រទេសជាតិ។ លោក បៃដិន ក៏បានប្រកាសគាំទ្រលោកស្រី ហារីសជាបេក្ខជនប្រធានាធិបតីជំនួសរូបលោកផងដែរដែលការណ៍នេះធ្វើឱ្យ ក្រុមអ្នកជំនាញយល់ថាលោកស្រីកំពុងមានប្រៀបលើបេក្ខជនផ្សេងទៀតនៅក្នុងបក្ស៕