(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍នាថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៉ីកំពុងរៀបចំធ្វើសមយុទ្ធពាក់ព័ន្ធ ជើងទម្រចល័តបាញ់មីស៉ីលនុយក្លេអ៊ែរ Yars ខណៈវាគឺជាលើកទី២ ក្នុងរយៈពេលមិនដល់១ខែនោះឡើយ ដែលសមយុទ្ធបែបនេះ ត្រូវធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ Reuters នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានរុស្ស៉ី Interfax បាននិយាយថា ក្រុមការងារប្រព័ន្ធជើងទម្រង់ចល័តមីស៉ីល Yars ក្នុងតំបន់ Volga ចម្ងាយ​ប្រហែល៧០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងមូស្គូ នឹងត្រូវធ្វើសកម្មភាពចល័តចម្ងាយជាង១០០គីឡូម៉ែត្រ ហើយធ្វើការហាត់សម​លាក់កំបាំង និងដាក់ដំណើរការប្រព័ន្ធទាំងនោះ។ សមយុទ្ធនេះកើតមានឡើង ក្រោយសមយុទ្ធស្រដៀងគ្នា បានប្រព្រឹត្តទៅកាលពី​ដើមខែកក្កដានេះ នៅតំបន់យ៉ាងហោច២ផ្សេងគ្នា។ រីឯកាលពីជិត២ខែមុន រុស្ស៉ីក៏បានធ្វើសមយុទ្ធដាក់ពង្រាយ អាវុធនុយក្លេអ៊ែរតាក់ទិច ជាមួយបេឡារុសផងដែរ។

គួរបញ្ជាក់ថា យោងតាមកាសែតរុស្ស៉ី Kommersant មីស៉ីលនុយក្លេអ៊ែរ Yars អាចបំពាក់ក្បាលគ្រាប់បានច្រើន និងបាញ់លើ​គោលដៅ នៅចម្ងាយរហូតដល់១១,០០០គីឡូម៉ែត្រ។ មីស៉ីលនេះអាចបំពាក់នៅលើជើងទម្រចល័តក៏បាន ឬនៅតាមមូលដ្ឋានសាយឡូ (silo) សម្រាប់បាញ់ចេញពីក្រោមដី ក៏បាន។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន បានផ្ទុះឡើងកាលពី​ខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៉ីបានធ្វើសមយុទ្ធយោធាច្រើន ទាំងដោយខ្លួនឯងផ្ទាល់ និងជាមួយប្រទេសដទៃទៀត រួមមានចិន បេឡារុស និងអាហ្រ្វិកខាងត្បូង ជាដើម៕