(ហ្កាហ្សា)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu​ បានប្រាប់ក្រុមគ្រួសាររបស់ចំណាប់ខ្មាំង ដែលត្រូវក្រុមហាម៉ាចាប់ពង្រត់ទៅកាន់តំបន់ហ្កាហ្សាថា កិច្ចព្រមព្រៀងមួយដែលនឹងធានាដល់ ការដោះលែងសាច់ញាតិ ជាទីស្រលាញ់របស់ពួកគេ អាចកាន់តែខិតជិតសម្រេចបានហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤។

លោក Netanyahu​ បានប្រាប់សាច់ញាតិរបស់ចំណាប់ខ្មាំង នៅក្នុងទីក្រុងវ៉ាស៉ីនតោនថា «លក្ខខណ្ឌគឺកាន់តែប្រសើរហើយ។ នេះជាសញ្ញាល្អមួយ»។ កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេចបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ដែលដាក់ចេញដោយ លោក បៃដិន និងសម្រុះសម្រួលដោយអេហ្ស៉ីប កាតា ត្រូវបានលោក Blinken និយាយថា ក្រុមអ្នកចរចាកំពុងឆ្ពោះទៅរកបន្ទាត់គោលដៅហើយ។

គួរបញ្ជាក់ថា នៅក្នុងការវាយឆ្មក់លើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមហាម៉ាសបានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់។ ក្រោយមក ចំណាប់ខ្មាំង ១០៥នាក់ត្រូវបានដោះលែង នៅក្នុងបទឈប់បាញ់ រយៈពេលមួយសប្តាហ៍ ក្នុងខែវិច្ឆិកា ឆ្នាំមុន ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ២៤០នាក់។ បច្ចុប្បន្នប្រហែល ១៥០នាក់ទៀត បន្តស្ថិតក្នុងដៃក្រុមហាម៉ាស៕