(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បាននាំមុខយ៉ាងប្រផុតប្រផើយលើគូប្រជែងរបស់លោកស្រី គឺលោក ដូណាល់ ត្រាំ នៅក្នុងការស្ទង់មតិ ថ្នាក់ជាតិថ្មីមួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា ហើយដែលនេះជាការស្ទង់មតិត្រូវបានធ្វើឡើងជាលើកដំបូងបំផុតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការស្ទង់មតិខាងលើធ្វើឡើង ដោយទីភ្នាក់ងារសារព័ត៌មាន Reuters សហការជាមួយស្ថាប័ន Ipsos បានបង្ហាញថាលោកស្រី ហារីស នាំមុខលោក ត្រាំ ២ពិន្ទុ គឺ៤៤ភាគរយ ទល់នឹង ៤២ភាគរយ។ ការស្ទង់មតិនេះធ្វើឡើងតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយលោក បៃដិន បានប្រកាសកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថាលោកនឹងមិនស្វែងរកការបោះឆ្នោតសាឡើងវិញ នោះទេ ហើយគាំទ្រលោកស្រី ហារីសជាបេក្ខភាពប្រធានាធិបតីជំនួសរូបលោកតំណាងឱ្យគណបក្សប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា បើតាមការវាយតម្លៃពីទីភ្នាក់ងារសារព័ត៌មាន Associated Press គិតត្រឹមកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា លោកស្រី ហារីស មានប្រតិភូនៅក្នុងដៃ ២២១៤រូប ដែលបានសន្យាថានឹងបោះឆ្នោតគាំទ្រលោកស្រី ជាបេក្ខជនប្រធានាធិបតីនៅថ្ងៃសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យនៅខែសីហាខាងមុខ ហើយចំនួនប្រតិភូនេះគឺលើសពី សំឡេងភាគច្រើនដែលត្រូវការជាចាំបាច់ដើម្បីទទួលបានការតែងតាំង។ ប៉ុន្តែ នេះគ្រាន់តែជាតួលេខ និងក្រៅផ្លូវការប៉ុណ្ណោះ ពីព្រោះប្រតិភូបក្សប្រជាធិបតេយ្យមានសេរីភាព ឬអាចប្ដូរចិត្តបានក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនផ្លូវការ នៅឯសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែសីហា ក្នុងទីក្រុង Chicago៕