(កដ្ឋមណ្ឌូ)៖ អាជ្ញាធរនៃប្រទេសនេប៉ាល់ បានប្រាប់ឱ្យដឹងថា នាថ្ងៃពុធនេះ មនុស្ស១៨នាក់បានស្លាប់ នៅពេលយន្តហោះខ្នាតតូច ១គ្រឿង បានធ្លាក់និងរងការឆាបឆេះ ពេលកំពុងហោះឡើងចេញពីរដ្ឋធានីកដ្ឋមណ្ឌូ (Kathamndu)។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។

យន្តហោះខាងលើ ផ្ទុកមនុស្សសរុប១៩នាក់ ក្នុងនោះ២នាក់ជាក្រុមការងារយន្តហោះផ្ទាល់ និង១៧នាក់ជាអ្នកបច្ចេកទេស ដោយមានគោលដៅឆ្ពោះទៅក្រុង Pokhara ដើម្បីជួសជុលយន្តហោះ ១គ្រឿងទៀត។ អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៃទីក្រុងកដ្ឋមណ្ឌូ បាននិយាយថា មានតែពីឡុតម្នាក់ប៉ុណ្ណោះ ដែលនៅមានជីវិត និងកំពុងទទួលការព្យាបាលរបួស ​នៅមន្ទីរពេទ្យ។

យន្តហោះដែលជួបគ្រោះថ្នាក់នោះ ហោះឡើងចេញពីផ្លូវបានតែបន្តិចប៉ុណ្ណោះ មុនពេលវាមើលទៅផ្អៀងខ្លួន ហើយក៏ធ្លាក់ទៅបុកដីវិញ។ យន្តហោះនោះ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Saurya Airlines។ Saurya Ailrines ធ្វើប្រតិបត្តិការជើងហោះហើរក្នុងស្រុកនៅនេប៉ាល់ ដោយប្រើប្រាស់យន្តហោះ Bombardier CRJ-200 ២គ្រឿង ខណៈយន្តហោះទាំង២ មានចំណាស់ប្រហែល២០ឆ្នាំ។

គួរបញ្ជាក់ថា នេប៉ាល់ជាប់ឈ្មោះក្នុងចំណោមប្រទេស ដែលមានកំណត់ត្រាសុវត្ថិភាពអាកាសចរណ៍ ដ៏ខ្សោយបំផុត។ បើគិតតាំងពី​ឆ្នាំ២០០០មក មានមនុស្សជិត៣៥០នាក់ហើយ ដែលបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះឬឧទ្ធម្ភាគចក្រ នៅប្រទេសមួយនេះ។ ករណីដែលប្រល័យជាងគេបង្អស់ បានកើតឡើងកាលពីឆ្នាំ១៩៩២ នៅពេលយន្តហោះ Airbus របស់ក្រុមអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានធ្លាក់បុកជម្រាលភ្នំ ពេលហោះសំដៅមកកាន់ទីក្រុងកដ្ឋមណ្ឌូ ជាហេតុបណ្តាលឱ្យ​មនុស្ស១៦៧នាក់ស្លាប់។ ចំណែកករណីមាន មនុស្សស្លាប់ច្រើនថ្មីចុងក្រោយ គឺនៅពេលមនុស្ស៧២នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ អាកាសចរណ៍ Yeti Airlines កាលពីខែមករា ឆ្នាំ២០២៣៕