(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ជំនួយឱ្យអ៉ីស្រាអែល ៣.៥ពាន់លានដុល្លារ ដើម្បីទិញអាវុធ និងបរិក្ខារ យោធាពីក្រុមហ៊ុនផលិតអាវុធអាមេរិក ដោយការទម្លាក់កញ្ចប់ថវិកានេះនឹងត្រូវធ្វើឡើងនៅប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិកម្នាក់ បានឱ្យដឹងថាខាងក្រសួងបានជូនដំណឹងទៅកាន់សភាទាំង២ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហាថារដ្ឋាភិបាលមានបំណងទម្លាក់កញ្ចប់ ថវិកាយោធាពាន់លានដុល្លារ ទៅឱ្យអ៉ីស្រាអែល។ ដោយឡែក បើតាមទូរទស្សន៍អាមេរិក CNN កញ្ចប់ថវិកានេះដែរនឹងត្រូវយកចេញពីកញ្ចប់ថវិកា ១៤ពាន់លានដុល្លារដែលសភាទាំង២របស់ សហរដ្ឋអាមេរិកបានអនុម័តសម្រាប់អ៉ីស្រាអែលកាលពីខែមេសាកន្លងទៅ។
គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើងជាលំដាប់ និងបង្កឱ្យមានការភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់ទាំងមូល បន្ទាប់ពីការសម្លាប់មេដឹកនាំ នយោបាយក្រុមហាម៉ាស លោក Ismail Haniyeh នៅអ៉ីរ៉ង់ និងការសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា លោក Fuad Shukr នៅលីបង់ ដែលជំរុញឱ្យមានការគំរាមសងសឹកប្រឆាំង នឹងអ៉ីស្រាអែលវិញ៕