(ញូដេលី)៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina មិនបានលាលែងចេញពីតំណែង នៅមុនពេលភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌានោះទេ ខណៈ ក្រុមបាតុករបានសម្រុកចូលនិវេសនដ្ឋានផ្លូវការរបស់លោកស្រី។ នេះជាការបញ្ជាក់ពីកូនប្រុស និងជាទីប្រឹក្សារបស់លោកស្រី Hasina ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែសីហានេះ។
លោកស្រី Hasina បានរត់ភៀសខ្លួនទៅកាន់ទីក្រុង New Delhi ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីបាតុកម្មតវ៉ាទាមទារឱ្យលោកស្រីចុះចេញពីតំណែង ប្រែក្លាយទៅជាអំពើហិង្សាសម្លាប់មនុស្សជាង៣០០នាក់ និងនាំទៅរកការបិទបញ្ចប់ការកាន់អំណាច១៥ឆ្នាំមកនេះរបស់លោកស្រី នៅបង់ក្លាដែស ជាប្រទេសមួយមាន ប្រជាជន ១៧០លាននាក់។
នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ពីទីក្រុងវ៉ាស៊ីនតោន លោក Sajeeb Wazed ជាកូនប្រុសរបស់លោកស្រី Hasina បានគូសបញ្ជាក់ដូច្នេះថា «ម្ដាយរបស់ខ្ញុំមិនបាន លាលែងចេញពីតំណែងផ្លូវការនោះទេ...គាត់មានគម្រោងធ្វើសេចក្ដីថ្លែងការណ៍ និងដាក់លិខិតលាលែងពីតំណែង។ ប៉ុន្តែស្រាប់តែក្រុមបាតុករបានចាប់ផ្ដើមសម្រុកចូល និវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រី»។ លោកបន្ថែមទៀតថាតាមរដ្ឋធម្មនុញ្ញបង់ក្លាដែស ម្ដាយរបស់លោកសព្វថ្ងៃនៅតែជានាយករដ្ឋមន្ត្រីរបស់បង់ក្លាដែស ពីព្រោះតែមិនទាន់ លោកស្រីមិនទាន់បានលាលែងពីតំណែងជាផ្លូវការ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែងជាផ្លូវការ ដើម្បីធ្វើជាប្រមុខ រដ្ឋាភិបាលបណ្តោះអាសន្ន នៃប្រទេសបង់ក្លាដែស បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានបង្ខំឱ្យលាលែងពីតំណែង និងរត់ចេញពី ប្រទេស ក្រោយមានបាតុកម្មហិង្សាដ៏កក្រើក។ ប៉ុន្តែ លោក Sajeeb Wazed បាននិយាយថាការប្រកាសរំលាយសភាដោយប្រធានាធិបតីបង់ក្លាដែស បន្ទាប់ពីការពិគ្រោះ យោបល់ជាមួយមេដឹកនាំយោធា និងគណបក្សប្រឆាំង ដោយនាយករដ្ឋមន្ត្រីមិនទាន់លាលែងចេញពីតំណែងជាផ្លូវការ គឺជាសណុំរឿងមួយដែលអាចត្រូវតតាំងក្ដី នៅតុលាការ៕