(តូក្យូ)៖ ព្យុះស៊ីក្លូន Shanshan ដែលត្រូវបានបន្ទាបថ្នាក់ពីព្យុះទីហ្វុង បានបន្សល់ទុកមនុស្ស ៧នាក់ស្លាប់ និងការខូចខាតជាច្រើន នៅពេលដែលវាបានបោកបក់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលនៃប្រទេសជប៉ុននាថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារឧតុនិយមជប៉ុន បន្តព្រមានពីហានិភ័យនៃការរអិលបាក់ដី ទឹកជំនន់ និងកម្រិតទឹកកើនឡើងតាមដងទន្លេនានា នៅតំបន់ភាគខាងលិច និងខាងកើតប្រទេសជប៉ុន។ ការព្រមាននេះគឺដោយសារតែដីមានសភាពរលុង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកំណត់ត្រា ចាប់តាំងពីព្យុះបានវាយប្រហារឆ្នេរភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍។
សេវារថភ្លើងល្បឿនលឿន Shinkansen មួយចំនួននៅតែត្រូវបានរំខាន ប៉ុន្តែសេវារថភ្លើង Tokyo-Osaka ដែលត្រូវបានផ្អាកនៅក្នុងផ្នែកមួយចំនួន នឹងដំណើរការឡើងវិញនៅល្ងាចថ្ងៃអាទិត្យនេះ។
ករណីស្លាប់ទី៧ ដោយសារព្យុះ Shanshan ត្រូវបានរាយការណ៍នៅខេត្ត Fukuoka ភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃអាទិត្យេនះ។
គួរបញ្ជាក់ថា មុនពេលចុះខ្សោយ ព្យុះទីហ្វុងនេះបានធ្វើដំណើរឆ្ពោះទៅទិសខាងកើត បង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងលើតំបន់យ៉ាងទូលំទូលាយ និងបង្កឱ្យមានការព្រួយបារម្ភអំពីការរអិលបាក់ដី និងទឹកជំនន់នៅតំបន់ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីចំណុចកណ្តាលនៃព្យុះ៕