(ម៉ូស្គូ)៖ រុស្ស៊ីបានប្រកាសថា ខ្លួននឹងធ្វើការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនចាត់ទុកថា ជាការកើនឡើងនៃការចូលរួមរបស់លោកខាងលិចនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។
ការផ្លាស់ប្តូរនេះត្រូវបានប្រកាសដោយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov កាលពីថ្ងៃអាទិត្យ។ លោកបានបញ្ជាក់ថា ការកែសម្រួលគោលលទ្ធិនេះ គឺដើម្បីឆ្លើយតបទៅនឹង «ដំណើរកើនឡើងនៃសត្រូវលោកខាងលិច» ទាក់ទងនឹងជម្លោះអ៊ុយក្រែន។
ទោះបីជាមិនទាន់មានការបញ្ជាក់លម្អិតអំពីការផ្លាស់ប្តូរនេះក៏ដោយ ក៏ការប្រកាសនេះកើតឡើងនៅក្នុងបរិបទដែលអ្នកវិភាគយោធារុស្ស៊ីមួយចំនួន កំពុងលើកទឹកចិត្តឱ្យលោក ពូទីន បន្ថយលក្ខខណ្ឌនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីបង្កើនការគំរាមកំហែងដល់បណ្តាប្រទេសលោកខាងលិច។
គួរបញ្ជាក់ផងដែរថា គោលលទ្ធិនុយក្លេអ៊ែរដែលមានស្រាប់របស់រុស្ស៊ី អនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ លុះត្រាតែមានការវាយប្រហារនុយក្លេអ៊ែរ ឬការវាយប្រហារធម្មតាដែលគំរាមកំហែងដល់អត្ថិភាពនៃរដ្ឋរុស្ស៊ី។
ទោះជាយ៉ាងណា លោក ពូទីន ធ្លាប់បានបញ្ជាក់ថា គោលលទ្ធិនុយក្លេអ៊ែរគឺជា «ឧបករណ៍រស់» ដែលអាចផ្លាស់ប្តូរបាន អាស្រ័យលើការវិវឌ្ឍន៍នៃស្ថានការណ៍ពិភពលោក។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ដោយអះអាងថា ពួកគេគ្រាន់តែជួយអ៊ុយក្រែនការពារខ្លួនប្រឆាំង នឹងអ្វីដែលពួកគេហៅថា «សង្គ្រាមឈ្លានពាន» របស់រុស្ស៊ីប៉ុណ្ណោះ៕