(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថាប្រសិនបើការអះអាងរបស់ចិនលើតៃវ៉ាន់ គឺជារឿងបូរណភាពទឹកដី នោះប៉េកាំងក៏គួរតែទៅយកទឹកដី ដែលរាជវង្ស សេ្ដចចុងក្រោយរបស់ចិនបានកាត់ឱ្យរុស្ស៉ីនៅក្រោមសិន្ធិសញ្ញាក្នុងស.វទី១៩ ត្រឡប់មកវិញផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិនបានចាត់ទុកថាតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយគំរាមជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ នៅក្នុងករណីចាំបាច់។ ប៉ុន្តែ តៃវ៉ាន់បានច្រានចោល ការអះអាងរបស់ចិន និងបញ្ជាក់ថារឿងអនាគតរបស់តៃវ៉ាន់ គឺត្រូវទុកឱ្យប្រជាជនតៃវ៉ាន់ជាអ្នកសម្រេច។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍តៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី១ ខែកញ្ញា លោក Lai Ching-te ដែលចិនហៅថា «ជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» បាននិយាយអំពីសន្ធិសញ្ញា Treaty of Aigun ឆ្នាំ១៨៥៨ ដែលចិនក្រោមសម័យរាជវង្សឆេង បានចុះហត្ថលេខាយល់ព្រមប្រគល់ដី ដែលបច្ចុប្បន្នបានក្លាយជាតំបន់ចុងបូព៌ាបំផុតរបស់រុស្ស៉ី ទៅឱ្យចក្រភពរុស្ស៉ីនៅពេលនោះ។

រាជវង្សឆេង ដំបូងឡើយបានបដិសេធផ្ដល់សច្ចាប័នលើសនិ្ធសញ្ញានេះ តែចុងក្រោយ បានយល់ព្រមនៅក្រោមអនុសញ្ញា Convention of Peking ដែលត្រូវបានចិនជំនាន់ក្រោយ ចាត់ទុកថាជាសន្ធិសញ្ញាដ៏អយុត្តិធម៌ជាមួយមហាអំណាចបរទេសក្នុងស.វទី១៩។ នៅក្នុងបទសម្ភាន៍នោះ លោក Lai បានគូសបញ្ជាក់ដូច្នេះថា «ចេតនារបស់ចិនដើម្បីវាយប្រហារ ក្រសោបយកតៃវ៉ាន់ មិនមែនជារឿងបូរណភាពទឹកដីនោះទេ...ប៉ុន្តែប្រសិនបើវាជារឿងបូរណភាពទឹកដីពិតមែន ហេតុអ្វីបានជាចិនមិនទៅដណ្ដើមយកទឹកដី ដែលរុស្ស៉ីកំពុងគ្រប់គ្រង ក្រោមសន្ធិសញ្ញា Treaty of Aigun ត្រឡប់មកវិញផងទៅ?»។ លោក Lai បន្ថែមថា «សន្ធិសញ្ញា Treaty of Aigun ត្រូវបានចុះហត្ថលេខាក្នុងរាជវង្សឆេង ហើយអ្នកអាចសុំឱ្យរុស្ស៉ី ប្រគល់ដីត្រឡប់មកវិញ ប៉ុន្តែអ្នកមិនបានធ្វើដូច្នោះឡើយ។ ដូច្នេះជាការពិតណាស់ ពួកគេ (ចិន) មិនមែនចង់កាន់កាប់តៃវ៉ាន់ ដោយសារតែហេតុផលបូរណភាពទឹកដីនោះទេ»

គួរបញ្ជាក់ថា រាជវង្សឆេង ក៏ធ្លាប់បានចុះហត្ថលេខាប្រគល់កោះតៃវ៉ាន់ ឱ្យទៅជប៉ុនគ្រប់គ្រងផងដែរ ក្នុងឆ្នាំ១៨៩៥។ ប៉ុន្តែ ក្រោយជប៉ុនចាញ់សង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤៥ តៃវ៉ាន់បានក្លាយជារដ្ឋាភិបាលនៃសាធារណរដ្ឋចិន ហើយ៤ឆ្នាំក្រោយមកទៀត រដ្ឋាភិបាលនេះបានរត់ភៀសខ្លួនទៅឈរជើងនៅតៃវ៉ាន់ បន្ទាប់ពីចាញ់កងទ័ពកុម្មុយនិស្ដរបស់លោក ម៉ៅ សេទុង ក្នុងសង្រ្គាមស៊ីវិល៕