(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាលោកខាងលិចកំពុងធ្វើទុក្ខបុកម្នេញដោយបើកចំហប្រឆាំងអ្នកកាសែតរុស្ស៉ី តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងមូស្គូ បានសម្រេចហាមឃាត់អ្នកសែតអាមេរិក មិនឱ្យចូលក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ពូទីន បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយកាសែតម៉ុងហ្គោលី Onoodor ដែលត្រូវបានចុះផ្សាយលើគេហទំព័ររបស់វិមានក្រឹមឡាំង នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ដូច្នេះថា «លោកខាងលិចដែលបានចាត់ទុកខ្លួនឯងជាស្ដង់ដារនៃសេរីភាព បាន និងកំពុងធ្វើទុក្ខបុកម្នេញប្រឆាំងនឹងអ្នកកាសែត»។ ការកត់សម្គាល់បែបនេះរបស់លោក ពូទីន បន្ទាប់ពីមូស្គូ កាលពីថ្ងៃពុធសប្ដាហ៍មុនបានសម្រេចហាមឃាត់ពលរដ្ឋអាមេរិក ៩២នាក់ ក្នុងនោះរួមមានទាំងអ្នកកាសែតអាមេរិក មេធាវី និងប្រធានក្រុមហ៊ុនផលិតអាវុធអាមេរិក មិនឱ្យចូលក្នុង ប្រទេសរុស្ស៉ី។
គួរបញ្ជាក់ថា លោក ពូទីន នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលី ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចមួយ នាថ្ងៃអង្គារសប្តាហ៍នេះ។ វានឹងក្លាយជាដំណើរទស្សនកិច្ច ដំបូងបំផុតរបស់លោក ទៅកាន់ប្រទេសដែលជាសមាជិករបស់ ICC គិតចាប់តាំងតែពីតុលាការអន្តរជាតិមួយនេះ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនរូបលោក កាលពីខែមីនា ឆ្នាំមុន ជុំវិញការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម ពាក់ព័ន្ធវិបត្តិសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន៕