(មូស្គូ)៖ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៉ីមើលឃើញថា លោកស្រី Kamala Harris បេក្ខជនប្រធានធិបតីនៃគណបក្សប្រជាធិបតេយ្យ គឺជាគូប្រជែងដែលងាយស្រួលប៉ាន់ស្មានជាង លោក Donald Trump មកពីបក្សសាធារណរដ្ឋ ទោះបីជាក្នុងករណីដែលគ្មានការរំពឹងទុក អំពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ជាមួយទីក្រុងវ៉ាស៉ីនតោនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ ២០២៤។
ក្នុងបទសម្ភាសន៍ជាមួយ លោក Pavel Zarubin ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ មានទំនោរគាំទ្រវិមានក្រឹមឡាំង លោក Peskov ក៏បានច្រានចោលផងដែរនូវការអួតអាងរបស់ លោក Trump ដែលថាលោកអាចបញ្ចប់សង្រ្គាមអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង ប្រសិនបើអ្នកបោះឆ្នោតអាមេរិក គាំទ្រលោកឱ្យទៅដឹកនាំសេតវិមានវិញនោះ។
មុនពេលលោក ចូ បៃដិន ប្រកាសដកខ្លួនចេញពីការបោះឆ្នោតខែវិច្ឆិកា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ទីក្រុងមូស្គូចូលចិត្តលោក បៃដិន ជាងលោក Trump ព្រោះលោក បៃដិន ជាអ្នកនយោបាយដែលមានបទពិសោធន៍។ ឥលូវនេះ នៅពេលត្រូវបានសួរថា នរណាជាគូប្រជែងសម្រាប់រុស្ស៉ី លោក Peskov ឆ្លើយតបថា «យើងគ្មានគូប្រជែងទេ។ ប៉ុន្តែប្រាកដណាស់ គណបក្សប្រជាធិបតេយ្យងាយស្រួលប៉ាន់ស្មានជាង ហើយអ្វីដែល លោក ពូទីន ធ្លាប់ប៉ាន់ស្មានចំពោះ លោក បៃដិន អាចនិយាយបានថា ត្រូវស្ទើរតែចំពោះសមាជិកបក្សប្រជាធិបតេយ្យទាំងអស់ រួមទាំងលោកស្រី Harris ផងដែរ»។
គួរបញ្ជាក់ថា ស្របពេលដែលលើកឡើងថា ការបោះឆ្នោតជាបញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក លោក ពូទីន និងលោក Peskov បានផ្តល់មតិយោបល់ខុសគ្នា។ ជាឧទាហរណ៍ កាលពីខែមិថុនា លោក ពូទីន និយាយថារុស្ស៉ីមិនខ្វល់ទេ ថាតើនរណានឹងក្លាយជាប្រធានាធិបតីអាមេរិកបន្ទាប់ ខណៈប្រព័ន្ធតុលាការអាមេរិកច្បាស់ជាត្រូវបានប្រើប្រាស់ នៅក្នុងនយោបាយប្រឆាំងនឹង លោក Trump។ ដោយឡែក ក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅវិញនេះ លោក Peskov និយាយថា គ្មានវេទមន្តណាអាចដោះស្រាយវិបត្តិអ៊ុយក្រែន ក្នុងពេលត្រឹមមួយយប់ដូចដែល Trump សន្យានោះទេ៕