(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប៉ូលីសកូរ៉េខាងត្បូងចាប់ផ្តើមបើកការស៊ើបអង្កេត លើកម្មវិធីផ្ញើសារដ៏ល្បី Telegram ជុំវិញឧក្រិដ្ឋកម្មផ្លូវភេទតាមអ៉ិនធឺណែត។ ការស៊ើបអង្កេតនេះ នឹងពិនិត្យមើលថាតើ Telegram ពិតជាបានមានជាប់ពាក់ព័ន្ធការចែកចាយមាតិកាអាសអាភាសឬអត់?
បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ដោយស្រង់សំដីពីប្រធានការិយាល័យស៊ើបអង្កេតជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា អាជ្ញាធរកូរ៉េខាងត្បូងបានអំពាវនាវឱ្យ Telegram និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងមាតិកាក្លែងក្លាយដែលមានលក្ខណៈស្រើបស្រាល។ វិធានការនេះ គឺធ្វើឡើងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនដែលអះអាងថា មានរូបភាព និងវីដេអូផ្លូវភេទដ៏ស៊ីជម្រៅរបស់ស្រ្តីកូរ៉េខាងត្បូង ត្រូវបានរកឃើញជាញឹកញាប់នៅក្នុងក្រុមជជែកកម្សាន្តតាម Telegram ។
ជុំវិញព័ត៌មាននេះ Telegram មិនអាចទាក់ទងភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែក្រុមហ៊ុននេះកាលពីសប្តាហ៍មុន បានអះអាងថាខ្លួនបានសម្របសម្រួលមាតិកាដែលបង្កគ្រោះថ្នាក់នៅលើវេទិការបស់ខ្លួនហើយ រួមទាំងរូបភាពអាសអាភាសខុសច្បាប់ផងដែរ។
គួរជម្រាបថា វិធានការខាងលើក្នុងប្រទេសកូរ៉េខាងត្បូងនេះ បានកើតឡើង បន្ទាប់ពី CEO ក្រុមហ៊ុន Telegramលោក Pavel Durov ត្រូវបានប៉ូលិសបារាំងចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋាន ឡឺបួរហ្សេ (Le Bourget) ស្ថិតនៅខាងក្រៅទីក្រុងប៉ារីស បន្ទាប់ពីរូបលោកធ្វើដំណើរតាមយន្ដហោះឯកជនចាកចេញពីរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុងប៉ារីស។ បច្ចប្បន្ន លោកត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ជាមួយប្រាក់តម្កល់ ៥.៥៦លានដុល្លារ តែហាមចេញពីប្រទេសបារាំង៕