(គូឡាឡាំពួ)៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim និងនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Chris Luxon បាននិយាយថា អ្នកទាំងពីរបានរួមសាមគ្គីគ្នា ក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ សម្រាប់វិបត្តិសង្រ្គាមនៅតំបន់ហ្កាហ្សា ក៏ដូចជាក្នុងការស្វែងរកដំណោះស្រាយរដ្ឋពីរ សម្រាប់ជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយ លោក Luxon បាននិយាយយ៉ាងដូច្នេះថា «ពួកយើងទាំងពីរនាក់ មានភាពសាមគ្គីគ្នាជាខ្លាំង ក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់, នាំភាគីពាក់ព័ន្ធចូលអង្គុយតុចរចា ព្រមទាំងស្វែងរកដំណោះស្រាយរដ្ឋពីរ»។ ចំណែក លោក Anwar បាននិយាយថា អនាគតសម្រាប់បទឈប់បាញ់ នាពេលនេះ គឺពុំសូវល្អនោះទេ ដោយសារខ្វះការប្តេជ្ញាពីប្រទេសនានា ជាពិសេសសហរដ្ឋអាមេរិក ដែលអាចប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ឈប់ជម្លោះ។
គួរបញ្ជាក់ថា ម៉ាឡេស៉ីដែលជាប្រទេសមានប្រជាជនមូស្លីមភាគច្រើន គឺជាអ្នកគាំទ្រដ៏រឹងមាំមួយ នៃបុព្វហេតុប៉ាឡេស្ទីន និងជាយូរមកហើយ បានជួយព្យាយាមលើកស្ទួយដំណោះស្រាយរដ្ឋពីរ សម្រាប់បញ្ហាជម្លោះរាប់ទសវត្សរ៍រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ លោក Anwar ផ្ទាល់ មានទំនាក់ទំនងល្អជាមួយ ថ្នាក់ដឹកនាំផ្នែកនយោបាយ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន ប៉ុន្តែបានអះអាងថា រូបលោកមិនមានទំនាក់ទំនង ជាមួយថ្នាក់ដឹកនាំយោធារបស់ក្រុមនេះឡើយ៕