(បាងកក)៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីនៃប្រទេសថៃ គឺអ្នកស្រី Paetongtarn Shinawatra បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថ្មីរបស់អ្នកស្រី ត្រូវបានជ្រើសរើសរួចរាល់ ហើយនឹងត្រូវដាក់ដើម្បីស្នើសុំការទទួលយល់ព្រម ពីព្រះមហាក្សត្រថៃ ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters នាថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤។

កន្លងមក ក្រុមមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលចាំផ្ទះរបស់អ្នកស្រី Paetongtarn បានបង្ហើបថា រដ្ឋាភិបាលថ្មីគួរតែអាចត្រូវបង្កើតឡើងបាន នៅត្រឹមពាក់កណ្តាលខែកញ្ញានេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គណៈរដ្ឋមន្រ្តីថ្មី ត្រូវបានរំពឹងថា នឹងរក្សាទុករដ្ឋមន្រ្តីហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីការបរទេស ឱ្យនៅដដែល ប៉ុន្តែទំនងជានឹងទទួលបានរដ្ឋមន្រ្តី ព្រមទាំងអនុរដ្ឋមន្រ្តីថ្មី ចំនួន១១នាក់។ រដ្ឋាភិបាលថ្មីនោះ បានដកគណបក្ស Palang Pracharat ដែលមានទំនាក់ទំនងជាមួយ​យោធាចេញពីក្រុមចម្រុះ ហើយដាក់បញ្ចូលបក្ស Democrat Party ដែលធ្លាប់ជាគូសត្រូវយូរអង្វែងរបស់បក្ស Pheu Thai។ ​

ក្រោយលោក Srettha Thavisin ត្រូវបានដកហូតតំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីជិត១ខែមុន ដោយតុលាការធម្មនុញ្ញ គណបក្ស Pheu Thai និងបណ្តាបក្សជាដៃគូ បានឯកភាពគ្នាភ្លាមៗ ផ្តល់ការគាំទ្រចំពោះ អ្នកស្រី Paetongtarn អាយុ៣៨ឆ្នាំ ឱ្យឡើងជានាយករដ្ឋមន្រ្តីថ្មី។

គួរបញ្ជាក់ថា អ្នកស្រី Paetongtarn គឺជាមេដឹកនាំគណបក្ស Pheu Thai និងជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin Shinawatra ដែលមកទល់សព្វថ្ងៃ ត្រូវគេមើលឃើញថា នៅតែជាកម្លាំងដ៏មានឥទ្ធិពល នៅពីក្រោយបក្ស ​Pheu Thai។ អ្នកស្រីជាប់ឈ្មោះជានាយករដ្ឋមន្រ្តីថៃ វ័យក្មេងបំផុត និងជានាយករដ្ឋមន្រ្តីស្រីទី២ របស់ប្រទេសអាស៊ានមួយនេះ ហើយ​ជាសមាជិកទី៤ នៅក្នុងគ្រួសារ Shinawatra ដែលបានកាន់តំណែងនាយករដ្ឋមន្រ្តី៕