(មូស្គូ)៖ អភិបាលតំបន់និយាយថា សាលាមតេ្តយ្យមួយចំនួន ត្រូវបានបិទជាបណ្តោះអាសន្ន នៅក្នុងទីក្រុងនៃតំបន់ Belgorod ដែលស្ថិតនៅព្រំដែនជាមួយអ៊ុយក្រែន ខណៈដែលថ្នាក់រៀនខ្លះត្រូវផ្អាកភ្លាមៗ បន្ទាប់ពីមានការវាយប្រហារបំផ្លាញកន្លែងថែទាំកុមារ នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បានបញ្ជាក់ថា «ព្រឹកនេះនៅ Belgorod​ ការសិក្សានៅថ្នាក់រៀនមួយចំនួន ត្រូវផ្អាកហើយកំណត់ថានឹងបើកឡើងវិញ បន្ទាប់ពីវិស្សមកាលរដូវក្តៅ។ សាលាមតេយ្យមួយក្នុងទីក្រុងនៃតំបន់ បានរងការបំផ្លាញស្ទើរតែទាំងស្រុង»។ លោក Gladkov បានឱ្យដឹងទៀតថា បន្ទាប់ពីការវាយប្រហារ អាជ្ញាធរសម្រេចចិត្តថា នឹងដាក់ឱ្យសាលានានានៅក្នុងស្រុកធំជាងគេនៃតំបន់ គឺ Kharkovskaya Gora បង្រៀនតាមអនឡាញ ខណៈសាលាមតេយ្យផ្សេងទៀត ត្រូវបិទរយៈពេល ១សប្តាហ៍។

គួរបញ្ជាក់ថា Reuters មិនអាចផ្ទៀងផ្ទាត់សេចក្តីរាយការណ៍ខាងលើនេះ បានដោយឯករាជ្យនោះទេ ខណៈដែលភាគីទាំងពីរ តែងតែបដិសេធកំណត់គោលដៅលើជនស៉ីវិល ក្នុងសង្គ្រាមរយៈពេលជិត ៣ឆ្នាំ៕