(ប៉េកាំង)៖ ថ្ងៃទី២៧ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្ររបស់បញ្ញវន្ត ដែលមកពី ប្រទេសអាហ្វ្រិកចំនួន ៥០ប្រទេស ដើម្បីលើកទឹកចិត្តពួកគេបន្តផ្តល់ ការគាំទ្រខាងតម្រិះប្រាជ្ញា ចំពោះការកសាងសហគមន៍ រួមវាសនាចិន-អាហ្វ្រិកកម្រិតខ្ពស់ និងគាំពារផលប្រយោជន៍រួមរបស់ប្រទេស “សកលខាងត្បូង”។

លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០បានធ្វើឡើងដោយជោគជ័យ ដែលបានបន្លឺឡើងនូវស្នូរត្រែនៃយុគសម័យ ដែលធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀត ដើម្បីត្រួសត្រាយអនាគតដ៏ទូលំទូលាយ នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិន ដែលស្វែងរកការអភិវឌ្ឍសន្តិភាព ផ្តោតលើការធ្វើកំណែទម្រង់ និងបើកទូលាយកំពុងរីកចម្រើនខ្លាំងក្លា ដែលពិតជានឹងបង្កើនកម្លាំង នៃសន្តិភាពនិងយុត្តិធម៌នៃពិភពលោក នឹងចាក់កម្លាំងចលករមិនចេះរីងស្ងួត ដល់ដំណើរការទំនើបកម្មពិភពលោក ជាពិសេសការអភិវឌ្ឍនៃប្រទេស “សកលខាងត្បូង”។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននិងអាហ្វ្រិកជាសហគមន៍រួមវាសនាពីដើមរហូតមក។ ប្រឈមមុខនឹង សភាពការណ៍អន្តរជាតិ ដែលមានភាពច្របូកច្របល់និងស្មុគស្មាញ ប្រទេសចិននិងអាហ្វ្រិកត្រូវបង្កើនសមគ្គីភាព និងសហប្រតិបត្តិការជាងពេលណាៗទាំងអស់។ កិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការជុំថ្មី នឹងបើកធ្វើនៅពេលឆាប់ៗខាងមុខនេះ មេដឹកនាំភាគីទាំងពីរចិននិងអាហ្វ្រិក នឹងជួបជុំគ្នាម្តងទៀត ដើម្បីពិគ្រោះពិភាក្សាផែនការសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកបន្ថែមទៀត ដែលនឹងចារទំព័រថ្មី នៃទំនាក់ទំនងចិន-អាហ្វ្រិកឱ្យកាន់តែល្អអស្ចារ្យ។ សង្ឃឹមថា បញ្ញវន្តអាហ្វ្រិកទាំងអស់ នឹងបន្តផ្តល់ការគាំទ្រខាងតម្រិះប្រាជ្ញា ចំពោះការបង្កើតសហគមន៍រួមវាសនាចិន-អាហ្វ្រិក ប្រកបដោយកម្រិតខ្ពស់ ដើម្បីគាំពារផលប្រយោជន៍រួម របស់ប្រទេស“សកលខាងត្បូង”៕

វិទ្យុមិត្តភាពកម្ពុជាចិន