(ប៉េកាំង)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានស្នើឱ្យចិនធ្វើពាណិជ្ជកម្មឲ្យមានតុល្យភាពជាងមុន ដោយសង្កត់ធ្ងន់លើការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ប្រទេសរបស់លោកជាមួយចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
សំណើនេះធ្វើឡើងមុនពេលកិច្ចប្រជុំកំពូលចិន-អាហ្វ្រិក ដែលមេដឹកនាំចិន លោក ស៊ី ជីនពីង សង្ឃឹមថានឹងជំរុញឱ្យប្រទេសអាហ្វ្រិកទិញទំនិញពីចិនបន្ថែមទៀត។
ការអំពាវនាវរបស់លោក Ramaphosa បង្ហាញពីបញ្ហាដែលលោក ស៊ី អាចនឹងជួបប្រទះក្នុងការបញ្ចុះបញ្ចូលមេដឹកនាំអាហ្វ្រិក ឱ្យទទួលយកទំនិញចិនបន្ថែមទៀត ជាពិសេសនៅពេលដែលចិនមិនបានបំពេញតាមការសន្យាពីមុន ក្នុងការទិញទំនិញអាហ្វ្រិកចំនួន ៣០០ ពាន់លានដុល្លារ។
ជាមួយនឹងការរឹតបន្តឹងពាណិជ្ជកម្មពីលោកខាងលិច ចិនកំពុងស្វែងរកទីផ្សារថ្មីៗសម្រាប់ផលិតផលរបស់ខ្លួន ហើយអាហ្វ្រិកគឺជាទីផ្សារដ៏មានសក្តានុពលមួយ។ ទោះជាយ៉ាងណា ប្រទេសអាហ្វ្រិកជាច្រើន ក៏កំពុងតស៊ូជាមួយបំណុលដែលកំពុងកើនឡើងដែលពួកគេជំពាក់ចិន ដែលជាបញ្ហាមួយទៀតដែលទំនងជានឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំកំពូលនេះ។
ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយ លោក ស៊ី ជិនពីង លោក Ramaphosa ក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យជាច្រើន រួមទាំងកសិកម្ម សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិស័យថ្មីៗដូចជា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងថាមពលថ្មី។ លោក ស៊ី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយអាហ្វ្រិកខាងត្បូងដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើនសេដ្ឋកិច្ច៕