(ម៉ានីល)៖ មនុស្សយ៉ាងហោចកើនដល់១៣នាក់ បានបាត់បង់ជីវិត នៅប្រទេសហ្វីលីពីន ដោយសារព្យុះត្រូពិក Yagi ខណៈសាលារៀន និងការិយាល័យរដ្ឋាភិបាល ត្រូវបានបិទទ្វារ នៅរដ្ឋធានីម៉ានីល និងបណ្តាខេត្តក្បែរខាង នាថ្ងៃអង្គារនេះ ព្រោះស្ថានភាពអាកាសធាតុមិនល្អ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ព្យុះ Yagi បានបោកបក់ដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំក្រុង Casiguran ភាគខាងកើត ក្នុងខេត្ត Aurora។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ចំណុចកណ្តាលនៃព្យុះ ស្ថិតនៅលើផ្ទៃទឹកក្បែរឆ្នេរទីក្រុង Laoag ភាគខាងជើង ក្នុងខេត្ត Ilocos។ ព្យុះត្រូពិកនេះ បានរក្សាកម្លាំងខ្យល់បក់ ក្នុងល្បឿន ៧៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានរំពឹងថា នឹងបន្តដំណើរឆ្ពោះទៅកាន់ភាគពាយព្យ លើសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺដោយសារគ្រោះរអិលបាក់ដី និងលង់ទឹក។ ជាទូទៅ ប្រទេសហ្វីលីពីន តែងទទួលរងការវាយប្រហារ ពីព្យុះត្រូពិកនិងព្យុះទីហ្វុង ជាមធ្យមចំនួន២០ព្យុះ ក្នុងមួយឆ្នាំ៕