(ហ្សាការតា)៖ សម្តេចសង្ឃកាតូលិក Pope Francis នាថ្ងៃអង្គារនេះ បានយាងមកដល់ឥណ្ឌូណេស៉ី ដែលជាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន ដើម្បីចាប់ផ្តើម ដំណើរបំពេញទស្សនកិច្ចរបស់ទ្រង់ ដែលមានរយៈពេលសរុបចំនួន១២ថ្ងៃ មកកាន់តំបន់អាស៉ី-ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចប៉ាប Francis នឹងចំណាយពេល៣ថ្ងៃ ស្ថិតនៅប្រទេសឥណ្ឌូណេស៉ី មុនបន្តដំណើរយាងទៅកាន់ប្រទេស៣ទៀត គឺប៉ាពូអាស៉ីនូវែលហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី។ វានឹងជា ដំណើរទស្សនកិច្ច ដែលមានរយៈពេលយូរ និងចម្ងាយឆ្ងាយបំផុត អំឡុងអាណត្តិជាសម្តេចសង្ឃកាតូលិក របស់ទ្រង់។
សព្វថ្ងៃ អ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិក មានចំនួនត្រឹមក្រោម៣ភាគរយប៉ុណ្ណោះ នៃប្រជាជនសរុបនៅឥណ្ឌូណេស៉ី គឺខ្ទង់៨លាននាក់ ធៀបជាមួយនឹង៨៧ភាគរយ ឬ២៤២លាននាក់ ដែលជាអ្នកកាន់សាសនាអ៉ីស្លាម។ ទោះបែបនេះក៏ដោយ កាតូលិក ស្ថិតក្នុងចំណោមសាសនាឬនិកាយទាំង៦ ដែលមានការទទួលស្គាល់ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌូណេស៉ី។
គួរបញ្ជាក់ថា នេះគឺជាទស្សនកិច្ចលើកទី៣ មកកាន់ប្រទេសឥណ្ឌា ដែលធ្វើឡើងដោយសម្តេចប៉ាបមួយអង្គ និងជាលើកដំបូង គិតចាប់តាំងពីសម្តេចប៉ាប John Paul II កាលពីឆ្នាំ១៩៨៩។ ដំបូងឡើយ ទស្សនកិច្ចនេះ ត្រូវបានគ្រោងសម្រាប់ឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ហើយឥឡូវវាប្រព្រឹត្តទៅ ត្រឹម៣ខែប៉ុណ្ណោះ មុនសម្តេចប៉ាប Francis ឈានចូលព្រះជន្ម៨៨ព្រះវស្សា។ ទ្រង់បានក្លាយជាសម្តេចប៉ាប កាលពីឆ្នាំ២០១៣ បន្តពីសម្តេចប៉ាប Benedict XVI៕