(ហ្សឺណេវ)៖ អង្គការសហប្រជាជាតិ (UN) បានសម្តែងការព្រួយបារម្ភអំពីការចាប់ខ្លួន និងចោទប្រកាន់លោក Pavel Durov ស្ថាបនិក Telegram នៅប្រទេសបារាំង ដោយចាត់ទុកករណីនេះថាជារឿងស្មុគស្មាញដែលបង្កបញ្ហាសិទ្ធិមនុស្សជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ ២០២៤។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិកំពុងពិចារណាឯកសារណែនាំអំពីរបៀបដោះស្រាយស្ថានការណ៍បែបនេះ ដោយលើកយកករណីព្យួរបណ្តាញសង្គម X នៅប្រេស៊ីលជាឧទាហរណ៍នៃកង្វល់ស្រដៀងគ្នាអំពីតុល្យភាពរវាងការគ្រប់គ្រង និងសេរីភាពក្នុងការបញ្ចេញមតិ។
លោកស្រី Shamdasani បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងណាមួយដែលដាក់លើវេទិកាអនឡាញត្រូវតែមានតុល្យភាព និងអនុលោមតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ អង្គការសហប្រជាជាតិកំពុងតាមដានករណីលោក Durov ប៉ុន្តែមិនអាចធ្វើអត្ថាធិប្បាយលម្អិតបានទេ ដោយសារតែខ្វះព័ត៌មានពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានសង្កត់ធ្ងន់ថា រដ្ឋមានសិទ្ធិក្នុងការគ្រប់គ្រងវេទិកាទាំងនេះ ប៉ុន្តែត្រូវតែធ្វើដូច្នេះតាមរយៈច្បាប់ដែលគោរពសិទ្ធិមនុស្ស និងដោះស្រាយបញ្ហាដូចជាការនិយាយស្អប់ខ្ពើម និងព័ត៌មានមិនពិត៕