(បាងកក)៖ ព្រឹត្តិបត្ររបស់ព្រះរាជវាំងថៃ បានបង្ហាញនៅថ្ងៃពុធនេះថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសម្រេចអនុម័តយល់ព្រម ចំពោះគណៈរដ្ឋមន្រ្តីថ្មីរបស់នាយករដ្ឋមន្រ្តី អ្នកស្រី Paetongtarn Shinawatra ដោយនៅក្នុងនោះមាន បុគ្គលថ្មីៗចំនួន១២នាក់ ក្នុងចំណោមសមាសភាពសរុប៣២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤។
គណបក្ស Pheu Thai របស់អ្នកស្រី Paetongtarn ដែលជាបក្សធំជាងគេ នៅក្នុងដៃគូចម្រុះ មានសមាជិកច្រើនជាងគេ នៅក្នុងគណៈរដ្ឋមន្រ្តីថ្មីនោះ ហើយបានរក្សារដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Pichai Chunhavajira និងរដ្ឋមន្រ្តីការបរទេស លោក Maris Sangiampongsa ឱ្យនៅកាន់តំណែងដដែល។ រីឯឧបនាយករដ្ឋមន្រ្តី លោក Phumtham Wechayachai បានឡើងជារដ្ឋមន្រ្តីការពារជាតិ ខណៈតំណែងចាស់ជា រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់លោក ត្រូវបានជំនួសដោយទីប្រឹក្សាជាន់ខ្ពស់របស់ Pheu Thai និងជាអតីតរដ្ឋមន្រ្តីថាមពលគឺ លោក Pichai Naripthaphan។
គណបក្ស Pheu Thai គ្រប់គ្រងតំណែងចំនួន១៧ នៅក្នុងគណៈរដ្ឋមន្រ្តីថ្មីខាងលើ ដែលរួមមានទាំងរដ្ឋមន្រ្តីនិងអនុរដ្ឋមន្រ្តី ខណៈតំណែង១៩ទៀត ត្រូវបានបែងចែកគ្នា ក្នុងចំណោមបណ្តាគណបក្ស ដែលជាដៃគូចម្រុះ។ អ្នកស្រី Paetongtarn អាយុ៣៨ឆ្នាំ ត្រូវបានរដ្ឋសភាថៃបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តីថ្មីកាលពីខែមុន ក្រោយលោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញ សម្រេចដកហូតតំណែង។
គួរបញ្ជាក់ថា អ្នកស្រីជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុត និងជានាយករដ្ឋមន្រ្តីស្រីទី២ របស់ប្រទេសថៃ។ អ្នកស្រី ត្រូវជាកូនស្រីពៅរបស់អតីតមេដឹកនាំថៃដ៏មានឥទ្ធិពល គឺលោក Thaksin Shinawatra ហើយជាសមាជិកទី៤ នៃគ្រួសារត្រកូល Shinawatra ដែលបានកាន់តំណែងជានាយករដ្ឋមន្រ្តី៕