(ដាក្កា)៖ អាជ្ញាធរនៃប្រទេសបង់ក្លាដែស បានឱ្យដឹងថា អំឡុងពេលប៉ុន្មានខែមកនេះ ជនជាតិមូស្លីមរ៉ូហ៉ីងយ៉ាប្រហែល៨,០០០នាក់ បានរត់ភៀសខ្លួនមកកាន់បង់ក្លាដែស ដើម្បីគេចចេញពីការកើនឡើងនៃអំពើហិង្សា នៅរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤។
អំពើហិង្សាបានកើនឡើង ស្របពេលដែលការប្រយុទ្ធគ្នា រវាងកងកម្លាំងរបបសឹកមីយ៉ាន់ម៉ា និងក្រុមចលនាប្រដាប់អាវុធ Arakan Army នៅតែបន្តយ៉ាងក្តៅគគុក។ លោក Mohammad Shamsud Douza មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន របស់រដ្ឋាភិបាលបង់ក្លាដែស បាននិយាយយ៉ាងដូច្នេះថា «យើងទទួលបានព័ត៌មានថា ជនជាតិរ៉ូហ៉ីងយ៉ាប្រហែល៨,០០០នាក់ បានរត់ឆ្លងចូលមកបង់ក្លាដែស នាពេលថ្មីៗនេះ ពោលភាគច្រើនគឺអំឡុង២ខែចុងក្រោយ។ បង់ក្លាដែស បច្ចុប្បន្ន កំពុងតែទទួលរងបន្ទុកលើសលប់រួចទៅហើយ និងមិនអាចទទួលយក ជនជាតិរ៉ូហ៉ីងយ៉ាង បន្ថែមទៀតបាននោះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ ជនភៀសខ្លួនរ៉ូហ៉ីងយ៉ារាប់ម៉ឺននាក់ នៅបង់ក្លាដែស បាននាំគ្នាធ្វើការប្រមូលផ្តុំ ដើម្បីរំលឹកខួប៧ឆ្នាំ នៃយុទ្ធនាការបង្រ្កាបយោធា កាលពីឆ្នាំ២០១៧ ដែលបានបង្ខំឱ្យពួកគេរត់ចេញពីមីយ៉ាន់ម៉ា។ ជនជាតិរ៉ូហ៉ីងយ៉ាទាំងនោះ បានទាមទារឱ្យបិទបញ្ចប់អំពើហិង្សា និងការវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព។ សព្វថ្ងៃ មានជនជាតិរ៉ូហ៉ីងយ៉ាជាង១លាននាក់ កំពុងរស់នៅតាមជំរំដ៏កកកុញ នៅភាគខាងត្បូងបង់ក្លាដែស ជាមួយក្តីសង្ឃឹមតិចតួចបំផុត ក្នុងការវិលត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ជាទីដែលពួកគេ ត្រូវបានបដិសេធភាពជាពលរដ្ឋ និងសិទ្ធិមូលដ្ឋានផ្សេងដទៃទៀត៕