(កៀវ)៖ នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានដាក់ពាក្យសុំលាលែងពីតំណែង ខណៈវាគឺជាផ្នែកនៃការរុះរើដ៏ធំបំផុតមួយ របស់រដ្ឋាភិបាលទីក្រុងកៀវ អំឡុងសង្រ្គាមរយៈ៣០ខែ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤។
ការលាលែងពីតំណែង និងការតែងតាំងមន្រ្តីថ្មីៗ ត្រូវបានគេរំពឹងទុក ក្នុងពេលប៉ុន្មានថ្ងៃបន្តបន្ទាប់ខាងមុខនេះ ក្រោយរដ្ឋមន្រ្តីអ៊ុយក្រែន ៦នាក់ បាននាំគ្នាលាលែងពីតួនាទី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងអ្វីដែលមន្រ្តីជំនិតជាន់ខ្ពស់ម្នាក់ របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា ជាការចាប់ផើ្តម នៃដំណើរការរៀបចំ រដ្ឋាភិបាលឡើងវិញ នៅមុនរដូវរងាមកដល់។ លោក ហ្សេលេនស្គី ផ្ទាល់ បាននិយាយកាលពីថ្ងៃអង្គារថា ពេលប៉ុន្មានខែខាងមុខ គឺមានសារសំខាន់ជាខ្លាំង សម្រាប់អ៊ុយក្រែន ដូច្នេះហើយត្រូវមានការផ្លាស់ប្តូរ ដើម្បីឱ្យអ៊ុយក្រែន អាចសម្រេចបានលទ្ធផលនានា ដែលខ្លួនត្រូវការ។
គួរបញ្ជាក់ថា នាពេលនេះ កងកម្លាំងរបស់រុស្ស៉ី កំពុងតែបន្តរុលឆ្ពោះទៅមុខ នៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែន បានបញ្ជូនកងកម្លាំងខ្លួន បើកការវាយលុកយ៉ាងភ្ញាក់ផ្អើល ចូលទៅក្នុងតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៉ី តាំងតែពីដើមខែមុន។ ទន្ទឹមគ្នា រុស្ស៉ីក៏បានបង្កើនការវាយប្រហារ ដោយប្រើយន្តហោះដ្រូន និងមីស៉ីលមកលើអ៊ុយក្រែនផងដែរ ដោយកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សរាប់សិបនាក់ នៅទីក្រុង Poltava ភាគកណ្តាល ហើយថ្ងៃពុធនេះ បានផ្តាច់ជីវិត៧នាក់ទៀត នៅទីក្រុង Lviv ភាគខាងលិច៕