(អង់ការ៉ា)៖ ប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi នឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃពុធនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងដោយប្រធានាធិបតីអេហ្ស៉ីប ក្នុងរយៈពេល ១២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Sisi នឹងទៅដល់ទីក្រុងអង់ការ៉ា នៅវេលាម៉ោង ២រសៀល ហើយនឹងចូលរួមក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅវេលាម៉ោង ៥ល្ងាច (ម៉ោងក្នុងតំបន់)។ ការិយាល័យទំនាក់ទំនងរបស់ប្រធានាធិបតីតួកគី បានឱ្យដឹងថា ទំនាក់ទំនងតួកគី-អេហ្ស៉ីប នឹងត្រូវពិនិត្យឡើងវិញលើគ្រប់ទិដ្ឋភាពទាំងអស់ ហើយជំហានរួមគ្នាដែលអាចធ្វើទៅបាននាពេលខាងមុខ ដើម្បីអភិវឌ្ឍ កិច្ចសហប្រតិបត្តិការថែមទៀត ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ បន្ថែមពីនេះនឹងមានការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ ក៏ដូចជាពិភពលោក ពិសេសការវាយប្រហាររបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងទីក្រុងគែរ បានធ្លាក់ចុះកាលពីឆ្នាំ ២០១៣ បន្ទាប់ពីលោក Sisi ដែលកាលណោះជាមេទ័ពរបស់អេហ្ស៉ីប បានដឹកនាំរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិល លោក Mohamed Mursi ដែលជាសម្ព័ន្ធមិត្តរបស់តួកគី។ ប៉ុន្តែប្រទេសទាំងពីរ ចាប់ផ្តើមធ្វើឱ្យទំនាក់ទំនងប្រសើរឡើងវិញ កាលពីឆ្នាំ ២០២០ និងព្រមព្រៀងដាក់ឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសរៀងៗខ្លួនវិញកាលពីឆ្នាំ ២០២៣។ តាមប្រព័ន្ធផ្សព្វផ្សាយតួកគី ប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងប្រហែល ២០ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការថាពល ការពារជាតិ ទេសចរណ៍ សុខាភិបាល វប្បធម៌ និងអប់រំ៕