(វ៉ាសូវី)៖ រដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Radosław Sikorski បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អឺរ៉ុបត្រូវតែយកចិត្តទុកដាក់ខ្លាំង ចំពោះវិស័យការពារជាតិរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ ២០២៤។
ប្រមុខការទូតប៉ូឡូញរូបនេះ កំពុងបំពេញទស្សនកិច្ចជាយុទ្ធសាស្ត្រ នៅអាស៉ីអាគ្នេយ៍ ដើម្បីជំរុញទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច។ ថ្លែងប្រាប់បទសម្ភាសន៍ជាមួយ CNA ចេញពីទីក្រុងគូឡាឡាំពួ លោកថាតំបន់អឺរ៉ុប ត្រូវតែបង្កើនសមត្ថភាពយោធា ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន នោះគឺសហរដ្ឋអាមេរិក។ លោក Sikorski គូសបញ្ជាក់ថា «អឺរ៉ុបមិនអាចធ្វេសប្រហែសទេ។ យើងត្រូវតែធានាឱ្យបាន យ៉ាងហោចណាស់សន្តិសុខតាមព្រំដែន។ យើងគួរអភិវឌ្ឍសមត្ថភាពតាមរបៀបនេះ ដូច្នេះយើងអាចមានកងកម្លាំងអាមេរិក ចូលរួមភារកិច្ចនៅផ្នែកផ្សេងទៀតនៃពិភពលោក»។
គួរបញ្ជាក់ថា ស្របពេលដែលការចំណាយលើ ការពារជាតិរបស់សហភាពអឺរ៉ុប បានកើនឡើង ជុំវិញការត្រៀមលក្ខណៈ នៃកងកម្លាំងប្រដាប់អាវុធ សម្រាប់តំបន់ដែលមានតម្រូវការ ប៉ូឡូញត្រូវបានកំណត់ថា ជាអ្នកចំណាយដ៏កំពូលមួយ ក្នុងវិស័យការពារជាតិ ដោយរួមចំណែកប្រហែល ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)៕