(ប៉េកាំង)៖ ពេលថ្មីៗចុងក្រោយនេះ នាវាដឹកជញ្ជូនរថយន្តថាមពលថ្មីរបស់ចិនមួយគ្រឿង បានបើកវិលត្រឡប់មកវិញពី ប្រទេសអាល្លឺម៉ង់។ នៅពេលមុននេះ នាវានេះបានដឹកជញ្ជូនរថយន្តថាមពលថ្មី ចំនួនរាប់ពាន់គ្រឿងទៅកាន់អេស្ប៉ាញ អង់គ្លេស ហូឡង់និងអាល្លឺម៉ង់ជាដើម ដើម្បីបំពេញតម្រូវការកាន់តែធំនៃទីផ្សារក្នុងតំបន់ ។ សហគ្រាសផលិតរថយន្តពាក់ព័ន្ធរបស់ចិន បានថ្លែងថា នៅរយៈពេលបីឆ្នាំខាងមុខនេះ ពួកគេនឹងរៀបចំចាត់ចែងនាវាដូចនេះប្រហែល៦ឬ៧គ្រឿង ដើម្បីជួយប្រទេសចិន នាំចេញផលិតផលបៃតងកាន់តែច្រើនឡើងៗទៅកាន់បរទេស ក្នុងន័យជំរុញការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មីក្នុងតំបន់។

នេះជាការឆ្លុះបញ្ចាំងមួយនៃការដែលផលិតភាព ប្រកបដោយគុណភាពល្អរបស់ចិន មានអំណោយផលដល់ពិភពលោក ។ កាលពីថ្ងៃទី២៩ខែសីហា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពី «ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិន» ដែលបង្ហាញពីសមិទ្ធផល នៃការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិន ក្នុងរយៈពេលជិត ១០ឆ្នាំកន្លងទៅនេះ ព្រមទាំងការរួមចំណែកដ៏សំខាន់របស់ចិន ក្នុងការអភិវឌ្ឍបៃតងសកលនិងការរួមគ្នាកសាង ពិភពលោកដ៏ស្រស់ស្អាតនិងល្អបវរ ។
ក្នុងនាមជាប្រទេសផលិតនិងប្រើប្រាស់ថាមពលដ៏ធំបំផុតលើពិភពលោក ចិនបានអនុវត្តតាមទស្សនៈស្តីពី ការអភិវឌ្ឍបៃតងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍថាមពលស្អាត ឱ្យចូលក្នុងគន្លងល្បឿនលឿន។

ឧទាហរណ៍ដូចជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្នុងចំណោមបរិមាណកំណើននៃការប្រើប្រាស់អគ្គិសនី ក្នុងសង្គមទាំងមូលរបស់ចិន មានចំនួនលើសពីពាក់កណ្តាល គឺដំណើរការដោយកម្លាំងអគ្គិសនី ដោយថាមពលស្អាតថ្មី ហើយសមត្ថភាពផ្ទុកថាមពល ដែលអាចកើតឡើងវិញប្រចាំឆ្នាំ មានសមាមាត្រលើសពី៤០ភាគរយ លើទូទាំងពិភពលោក ។ល។ការិយាល័យថាមពលអន្តរជាតិ បានលើកឡើងក្នុងរបាយការណ៍《ថាមពលដែលអាចកើតឡើងវិញឆ្នាំ២០២៣》ថា ចិនជាអ្នកឈានមុខគេក្នុងវិស័យថាមពល ដែលអាចកើតឡើងវិញលើទូទាំងពិភពលោក ហើយក៏ជាកម្លាំងចលករដ៏សំខាន់ នៃកំណើនយ៉ាងឆាប់រហ័សនិងទ្រង់ទ្រាយធំ នៃថាមពលដែលអាចកើតឡើងវិញ លើទូទាំងពិភពលោកផងដែរ។

បច្ចុប្បន្ននេះ ចិនជាទីផ្សារថាមពលដែលអាចកើតឡើងវិញ និងប្រទេសផលិតគ្រឿងបរិក្ខារដ៏ធំបំផុតលើទូទាំងពិភពលោក ដោយបានផលិតផលិតផលថាមពលថ្មី ប្រកបដោយគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងតម្លៃសមរម្យដែលបានផ្តល់ជម្រើស កាន់តែច្រើនដល់អ្នកប្រើប្រាស់សកល ក៏ដូចជាបន្ធូរបន្ថយកម្លាំងសម្ពាធនៃអតិផរណាសកលផងដែរ។ តាមស្ថិតិបង្ហាញឱ្យដឹងថា ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២៣ សមាមាត្រនៃការប្រើប្រាស់ថាមពលមិនមែនហ្វូស៊ីសសកល បានលើកកម្ពស់ពី១៣,៦ ភាគរយដល់១៨,៥ភាគរយ ក្នុងនោះ អត្រារួមចំណែករបស់ចិនគឺ៤៥,២ភាគរយ។ ថ្លៃដើមនៃការប្រើប្រាស់អគ្គិសនីជាមធ្យម នៃគម្រោងប្រើប្រាស់អគ្គិសនីដើរដោយកម្លាំងខ្យល់ និងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV សកលបានធ្លាក់ចុះលើសពី ៦០ភាគរយនិង៨០ភាគរយដោយឡែកពីគ្នា ក្នុងនោះ ភាគច្រើនគឺជាការរួមចំណែករបស់ចិន។

អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ចិនមិនត្រឹមតែបានសន្យាថា នឹងចំណាយរយៈពេលដ៏ខ្លីបំផុតលើទូទាំងពិភពលោកដើម្បីសម្រេចបានពីការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលដល់ការសម្រេចអព្យាក្រឹតភាពកាបូនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ជំនួយដល់ការកាត់បន្ថយ ការបញ្ចេញកាបូន នៃពិភពលោក និងជំរុញការអភិវឌ្ឍជានិរន្តរភាព នៃថាមពលសកលជាបន្តបន្ទាប់ផងដែរ។ តាមស្ថិតិឱ្យដឹងថា នៅឆ្នាំ២០២៣ ផលិតផលថាមពលប្រព័ន្ធ PV ដែលផ្សាយអគ្គិសនីដោយកម្លាំងខ្យល់ ដែលនាំចេញដោយចិនបានជួយប្រទេសផ្សេងទៀត កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចប្រហែល៨១០លានតោន។ មានការវិភាគលើកឡើងថាចិនបានក្លាយជា “យុថ្កាសម្រាប់លំនឹងនាវា ក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល។

ហេតុអ្វីបានជាចិន “អាចធ្វើបាន”? នេះគឺមិនអាចឃ្លាតពីការជំរុញនៃកត្តាជាច្រើន ។ ដោយសារទទួលផលប្រយោជន៍ ពីការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យាជាបន្តបន្ទាប់ ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ ការប្រកួតប្រជែងទីផ្សារដ៏ល្អប្រសើរ និងទីផ្សារទ្រង់ទ្រាយធំធេង ស្របពេលដែលពន្លឿនការអភិវឌ្ឍថាមពលថ្មីរបស់ខ្លួន ចិនបានជំរុញយ៉ាងប្រាកដប្រជានូវការធ្វើបរិវត្តកម្មថាមពលពិភពលោក។

ចិនបានបញ្ជាក់តាមរយៈការពិតនៃការអភិវឌ្ឍរបស់ខ្លួនថា ពិភពលោកគឺត្រូវការពួតដៃគ្នា ជំរុញការធ្វើបរិវត្តកម្មបៃតង តែមិនមែនរបាំងបៃតងនោះទេ។ អាចប៉ាន់ប្រមាណថា ក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ចិន ភាពបៃតងនៃថាមពលនឹងកើនឡើងជាបន្តបន្ទាប់ ដើម្បីបំពេញបន្ថែមកម្លាំងចលករចិនកាន់តែច្រើន ក្នុងការអភិវឌ្ឍបៃតងសកល និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ៕

វិទ្យុមិត្តភាពកម្ពុជាចិន