(ប៉េកាំង)៖ នៅខែសីហា ដីស្រែតាមជម្រាលភ្នំ Longji នៅភូមិភាគស្វយ័តក្វាងស៊ី នៃប្រទេសចិនមានទេសភាពពណ៌បៃតង ស្រស់ស្អាត និងមានអ្នកទេសចរយ៉ាងច្រើនសន្ធឹក។ តំបន់រមណីយដ្ឋាននេះ ដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតផង និងទំនៀមទម្លាប់ប្រពៃណីពិសេសរបស់ជនជាតិភាគតិចផង បានក្លាយជាតំបន់មានប្រជាប្រិយភាព ដែលបានទាក់ទាញ អ្នកទេសចរតំបន់នានា នៅទូទាំងពិភពលោកទៅដើរលេងកម្សាន្ត ព្រមទាំងទទួលបានងារជា “សម្បតិ្តបេតិកភណ្ឌវប្បធម៌ ផ្នែកកសិកម្មដ៏សំខាន់នៅទូទាំងពិភពលោក ”ពីអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិទៀតផង។
ពិបាកនឹកស្មានថា នៅកាលពីមុន តំបន់នេះធ្លាប់ជាតំបន់ភ្នំដាច់ស្រយាលនិងរហោឋាន។ ដោយសារដីស្រែតាមជម្រាលភ្នំ ពិបាកធ្វើស្រែណាស់ បើប្រៀបធៀបនឹងតំបន់វាលទំរាប គ្រាន់តែពឹងផ្អែកលើប្រាក់ចំណូលពី ការធ្វើស្រែមិនអាចចិញ្ចឹមជីវិតបានទេ បានជាយុវជនជាច្រើនបានចេញពីស្រុកកំណើត ដើម្បីរកស៊ីនៅតំបន់ខាងក្រៅ ដីស្រែមួយចំនួនធំត្រូវគេទុកចោល។ ដើម្បីធ្វើឱ្យដីស្រែតាម ជម្រាលភ្នំអាចមានភាពរស់រវើកឡើងវិញ រដ្ឋបាលក្នុងតំបន់បានស្វែងរកមធ្យោបាយគ្រប់បែបយ៉ាង ក្នុងន័យកែលម្អវិធីសាស្ត្រធ្វើស្រែ ហើយបានរៀបចំក្រុមជួយដាំដំណាំដោយស្ម័គ្រចិត្ត ដើម្បីជួយគ្រួសារក្រីក្រ និងអ្នកភូមិដែលបាត់បង់ សមត្ថភាពការងារដាំដំណាំនៅដីស្រែដោយឥតគិតថ្លៃ ព្រមទាំងបានស្វែងរក និងបង្កើតរូបមន្តអភិវឌ្ឍន៍ថ្មី “សហគ្រាស+ដីស្រែតាមជម្រាលភ្នំ+កសិករ” និងពឹងផ្អែកលើទេសភាពដ៏ពិសេស របស់ដីស្រែតាមជម្រាលភ្នំ អភិវឌ្ឍអេកូទេសចរណ៍យ៉ាងសកម្ម។ បច្ចុប្បន្ននេះ ដីស្រែតាមជម្រាលភ្នំ Longji មិនត្រឹមតែជាទីកំណើត របស់ប្រជាជនក្នុងតំបន់នោះទេ ថែមទាំងក៏មានឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក ដោយសារទីតាំងភូមិសាស្ត្រ ដ៏វិសេសវិសាល វប្បធម៌កសិកម្មនិងទំនៀមទំលាប់ របស់ជនជាតិភាគតិចផងដែរ ។
បរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរ បានបង្កប់តម្លៃសេដ្ឋកិច្ចដ៏ច្រើនលើសលប់ ដូច្នេះ រដ្ឋាភិបាលចិនបានដាក់ចេញ គោលនយោបាយមួយចំនួន ដើម្បីបង្កើនការងារអភិរក្សអេកូឡូស៊ី ខិតខំប្រឹងប្រែងសម្រេចបាននូវ “ភាពឈ្នះ-ឈ្នះ”នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិរក្សអេកូឡូស៊ី ធ្វើឱ្យភ្នំបៃតងទឹកស្អាតក្លាយជាទីបង្អែក នៃសុខសុភមង្គលរបស់ប្រជាជន ។ កិច្ចប្រជុំពេញអង្គលើកទីបី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅខែកក្កដា ឆ្នាំនេះបានធ្វើការរៀបចំចាត់ចែងជាពិសេស ចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ ខាងប្រព័ន្ធរបបអរិយធម៌អេកូឡូស៊ី ព្រមទាំងបានលើកឡើងថា ត្រូវពន្លឿនការធ្វើឱ្យមានសុក្រឹតភាពនិងអនុវត្តប្រព័ន្ធ និងយន្តការនៃទស្សនៈស្តីពីភ្នំបៃតងទឹកស្អាត គឺជាភ្នំមាសភ្នំប្រាក់ ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចបរិស្ថានអេកូឡូស៊ីមានភាពល្អពេញលេញ និងជំរុញការរួមរស់នៅដោយសុខដុមរមនា រវាងមនុស្សជាតិនិងធម្មជាតិ។
ក្នុងនាមជាប្រទេសធំដែលមានប្រជាជនចំនួន១៤០០លាននាក់ ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ និងបណ្តាក់ទុនយ៉ាងច្រើន ដែលមិនធ្លាប់មានកាលពីមុនក្នុងការអភិរក្សបរិស្ថានអេកូឡូស៊ី បានខិតខំប្រឹងប្រែងជំរុញវិធីបង្កើនផល និងបែបផែនជីវភាពរស់នៅប្រកបដោយភាពបៃតង បន្តកែលម្អគុណភាពអេកូបរិស្ថាន និងជំរុញឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនប្រាក់ចំណូលរបស់ប្រជាជនត្រូវលើកកម្ពស់ជាមួយគ្នា ដោយឡែក ទស្សនៈនិងការអនុវត្តរបស់ប្រទេសចិន ក្នុងការរួមគ្នាកសាងពិភពលោកដ៏ស្រស់ប្រិមប្រិយ ក៏ទទួលបានការកោតសរសើរកម្រិតខ្ពស់ ពីសំណាក់សហគមន៍អន្តរជាតិ ផងដែរ។
លោក ខ្វៃ អាទិត្យាអនុរដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យក្រសួងបរិស្ថាននៃប្រទេសកម្ពុជាបានថ្លែងថា ទស្សនៈរបស់ចិនស្តីពី “ភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់”និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» របស់រាជរដ្ឋាភិបាលកម្ពុជាមានអត្ថន័យ ប្រហាក់ប្រហែលគ្នា សុទ្ធតែមានគោលបំណងធ្វើ កិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ី គ្រប់គ្រងបរិស្ថាន និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ ការអនុវត្តជាក់ស្តែងនិងបទពិសោធរបស់ចិន ក្នុងការគ្រប់គ្រងបរិស្ថាន និងប្រភពធនធានធម្មជាតិ អាចចែករំលែកជាមួយពិភពលោក និងជួយប្រទេសដទៃទៀតកែលម្អបរិស្ថាន ក្នុងតំបន់ដែលរងការបំពុល និងធ្វើឱ្យបរិស្ថានមានភាពកាន់តែស្រស់ស្អាត ក៏ដូចជាកាន់តែសមស្របនឹងជីវភាពរស់ នៅរបស់ប្រជាជន។
លោក Simon Stiell លេខាប្រតិបតិ្តនៃលេខាធិការដ្ឋាន «អនុសញ្ញាស្តីពីក្របខណ្ឌបម្រែបម្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ» បានថ្លែងថា នៅតាមផ្លូវអភិវឌ្ឍបៃតង ប្រទេសចិនបានខិតខំប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពផលិតកម្មគុណភាពថ្មី និងបង្កើនការផ្តល់ការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀតតាមរយៈកិច្ចសហប្រតិបតិ្តការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំ ព្រមទាំងបានបង្កើន ការបណ្តាក់ទុននិងអភិវឌ្ឍបច្ចេកទេសថាមពលអាចកកើតឡើងវិញ ជួយពិភពលោកទាំងមូលកាត់បន្ថយ ការពឹងផ្អែកទៅលើ ឥន្ធនៈហ្វូស៊ីល និងធ្វើបរិវត្តកម្មសេដ្ឋកិច្ចកាបូនទាប សមិទ្ធផលដែលប្រទេសចិន ទទួលបានគួរឱ្យកត់សម្គាល់។
ក្នុងដំណើរទំនើបកម្មដែលស្វែងរកការរួមរស់នៅជាមួយគ្នា ប្រកបដោយភាពចុះសម្រុងគ្នា រវាងមនុស្សនិងធម្មជាតិ ការអភិរក្សបរិស្ថានអេកូឡូស៊ី មិនត្រឹមតែបានកែលម្អ “ភាពស្រស់ស្អាត” របស់ភ្នំបៃតងទឹកស្អាតប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យប្រជាជនអាចរកបានការងារធ្វើ និងបង្កើនប្រាក់ចំណូលទៀតផង ភ្នំបៃតងទឹកស្អាតបានក្លាយជាទីបង្អែក នៃសុខសុភមង្គលរបស់ប្រជាជន។
នេះជាទស្សនៈស្នូលសម្រាប់ណែនាំឱ្យ កិច្ចកសាងអរិយធម៌អេកូឡូស៊ីរបស់ចិន ទទួលបានប្រសិទ្ធភាពដ៏ធំធេង ហើយក៏បានផ្តល់ផែនការចិននិងតម្រិះប្រាជ្ញាចិន ដល់ទូទាំងពិភពលោកក្នុងការដោះស្រាយ ភាពជាប់គាំងលើវិស័យបរិស្ថានអេកូឡូស៊ី ។ នៅពេលអនាគត ប្រទេសចិននិងបណ្តាប្រទេសនានា លើពិភពលោកនឹងចាប់ដៃគ្នា រួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការការពារជីវចម្រុះជាដើម ក្នុងន័យបង្កើតជាកម្លាំងរួមដ៏ខ្លាំងក្លា ដើម្បីអភរិក្សភពផែនដី និងរួមគ្នាបង្កើតភពផែនដីដ៏ស្រស់ស្អាត ដែលជាទីកំណើតរួមរបស់មនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន