(ប៉េកាំង)៖ ទីភ្នាក់ងារចារកម្មកំពូលរបស់ចិន បានចេញសេចក្តីព្រមានដល់សិស្សនិស្សិត ជាពិសេសអ្នកដែលមានសិទ្ធិចូលប្រើទិន្នន័យរសើបឱ្យប្រុងប្រយ័ត្នចំពោះ «ស្ត្រីស្អាត» ឬ «បុរសសង្ហា» ដែលអាចជាចារកម្មបរទេសកំពុងព្យាយាមទាក់ទាញពួកគេឱ្យបង្ហើបព័ត៌មានសម្ងាត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។
ទីភ្នាក់ងារចារកម្មកំពូលរបស់ចិនបានបញ្ជាក់ថា បុគ្គលិកនៃចារកម្មបរទេស និងអង្គភាពស៊ើបការណ៍សម្ងាត់បានប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីជ្រៀតចូលសិស្សវ័យក្មេង ដោយទាញយកប្រយោជន៍ពីភាពចង់ដឹងចង់ឃើញ និងឆន្ទៈរបស់ពួកគេក្នុងការសាកល្បងអ្វីដែលថ្មី។ ពួកគេផ្តោតជាពិសេសទៅលើនិស្សិតដែលអាចទទួលបានទិន្នន័យស្រាវជ្រាវវិទ្យាសាស្ត្រដែលចាត់ថ្នាក់ និងរសើប ដោយបន្លំខ្លួនជាអ្នកសិក្សា ឬបុគ្គលិកនៃស្ថាប័នស្រាវជ្រាវ។
ទីភ្នាក់ងារក៏បានបញ្ជាក់ផងដែរថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសបានប្រើប្រាស់ល្បិចកល «ការក្លែងបន្លំបុរសសង្ហា និងស្រីស្អាត» ដើម្បីទាក់ទាញនិស្សិត និងបញ្ចុះបញ្ចូលពួកគេឱ្យផ្តល់ព័ត៌មានសម្ងាត់ ក៏ដូចជាវិធីសាស្ត្រផ្សេងទៀត ដូចជាការផ្តល់ការងារក្រៅម៉ោងដែលមានប្រាក់ខែខ្ពស់ កម្មវិធីផ្លាស់ប្តូរការសិក្សា និងសូម្បីតែការបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយជាដើម។
ទីភ្នាក់ងារចារកម្មកំពូលរបស់ចិនមិនបានបញ្ជាក់ថា ប្រទេសណាដែលនៅពីក្រោយគម្រោងចារកម្មនេះទេ។ ទោះយ៉ាងណា ការព្រមាននេះបង្ហាញពីការបន្តយកចិត្តទុកដាក់របស់ចិនចំពោះការការពារសន្តិសុខជាតិ និងការកើនឡើងនៃភាពតានតឹងជាមួយបណ្តាប្រទេសលោកខាងលិច៕