(ប៉ិនហាហ្គែន)៖ សកម្មជន​បរិស្ថាន​ល្បីឈ្មោះ Greta Thunberg ត្រូវ​ប៉ូលិស​ដាណឺម៉ាក​ឃាត់ខ្លួន​ក្នុង​ការ​តវ៉ា​នៅ​ទីក្រុង Copenhagen កាលពី​ថ្ងៃពុធ ដើម្បី​ប្រឆាំង​នឹង​សង្គ្រាម​នៅ​តំបន់ហ្គាហ្សា និង​ការ​កាន់កាប់​របស់​អ៊ីស្រាអែល​នៅ​តំបន់ West Bank។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​អ្នក​រៀបចំ​បាតុកម្ម និងចុះផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។

យ៉ាងណាក៏ដោយ ក្រោយ​មកកញ្ញា Thunberg ត្រូវ​បាន​ដោះ​លែង​វិញ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដាណឺម៉ាក។

អ្នកនាំពាក្យ​ប៉ូលិស​បាន​បញ្ជាក់​ថា មនុស្ស​សរុប ៦នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​សកលវិទ្យាល័យ Copenhagen បន្ទាប់​ពី​មនុស្ស​ប្រមាណ ២០ នាក់​បាន​បិទ​ច្រក​ចូល​អគារ​មួយ និង​មាន ៣នាក់​បាន​ចូល​ទៅ​ក្នុង​អគារ។

កញ្ញា Thunberg ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ចំពោះ​យុទ្ធនាការ​របស់​នាង​ដើម្បី​បញ្ចប់​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស ក៏​បាន​ប្រកាន់​យក​បុព្វហេតុ​ប៉ាឡេស្ទីន​កាន់​តែ​ខ្លាំង​ឡើង​ផង​ដែរ។ កាលពី​ខែ​ឧសភា នាង​បាន​និយាយ​ថា ការ​តវ៉ា​បែប​នេះ «គួរ​តែ​មាន​នៅ​គ្រប់​ទីកន្លែង»។

វីដេអូ​ដែល​បង្ហោះ​ដោយ​ក្រុម​និស្សិត​ប្រឆាំង​ការ​កាន់កាប់ ដែល​ជា​ក្រុម​និស្សិត​គាំទ្រ​ប៉ាឡេស្ទីន បាន​បង្ហាញ​មន្ត្រី​ប៉ូលិស​កំពុង​ដឹកនាំ Thunberg និង​អ្នក​តវ៉ា​ដទៃ​ទៀត​ចូល​ទៅ​ក្នុង​ឡាន​ប៉ូលិស ខណៈ​ដែល​ពួក​គេ​ត្រូវ​បាន​ដាក់​ខ្នោះ​ដៃ ឬ​ដៃ​របស់​ពួក​គេ​ត្រូវ​បាន​ចង​នៅ​ពី​ក្រោយ​ខ្នង។

នាយក​ផ្នែក​អប់រំ​នៅ​សាកលវិទ្យាល័យ Copenhagen លោក Kristian Cedervall Lauta បាន​និយាយ​តាម​អ៊ីមែល​ថា សាកលវិទ្យាល័យ​អាច​នឹង​ចាត់​វិធានការ​វិន័យ​ប្រឆាំង​នឹង​និស្សិត​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ ដែល​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ។ គួរ​បញ្ជាក់​ថា កញ្ញា Thunberg មិន​មែន​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​នោះ​ទេ៕