(អាត្លង់តា)៖ ក្រុមមន្ត្រីនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថាក្មេងប្រុសជាសិស្សសាលាម្នាក់អាយុ ១៤ឆ្នាំ បានសម្លាប់សិស្ស ២នាក់ និងគ្រូ ២នាក់ ខណៈមនុស្ស៩នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅឯវិទ្យាល័យមួយកន្លែងក្នុងរដ្ឋ Georgia កាលពីថ្ងៃពុធ ទី៤ ខែកញ្ញា (ម៉ោងនៅសហរដ្ឋអាមេរិក)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមក្រុមអ្នកស៊ើបអង្កេត ជនសង្ស័យខាងលើដែលធ្លាប់ត្រូវបានប៉ូលិសសួរចម្លើយកាលពីឆ្នាំ២០២៣ ជុំវិញការបង្ហោះសារគំរាមលើបណ្ដាញទំនាក់ទំនងសង្គមថានឹងបាញ់សម្លាប់មនុស្ស នៅឯសាលារៀនមួយ ត្រូវបានចាប់ខ្លួនឃុំខ្លួនភ្លាមៗ បន្ទាប់ពីបើកការបាញ់ប្រហារនៅឯវិទ្យាល័យ Apalachee High School ទីក្រុង Winder រដ្ឋ Georgia។ ជនសង្ស័យត្រូវបាន កំណត់អត្តសញ្ញាណមានឈ្មោះថា Colt Gray មានអាយុ១៤ឆ្នាំ ហើយរូបគេនឹងត្រូវបានចោទប្រកាន់ជាផ្លូវការ។
ប៉ូលិសអាមេរិកបានឱ្យដឹងទៀតថា ជនសង្ស័យជាខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងវែងមួយដើម និងធ្វើសកម្មភាពបាញ់ប្រហារតែម្នាក់ឯង។ ប៉ុន្តែ មិនបានបង្ហើបឱ្យដឹងថាតើហេតុអ្វី បានជារូបគេបាញ់សម្លាប់មនុស្សនោះទេ។
គួរបញ្ជាក់ថា ជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់ មានសិស្ស២នាក់ អាយុ១៤ឆ្នាំ និងគ្រូ ២នាក់ ហើយមនុស្ស៩នាក់ ដែលបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី សម្រាកព្យាបាល៕