(វ៉ាស៊ីនតោន)៖ ក្រសួងការបទេសអាមេរិក កាលពីថ្ងៃពុធ ទី៤ ខែកញ្ញា បានច្រានចោលព័ត៌មានដែលថាអគ្គកុងស៊ុលចិននៅក្នុងរដ្ឋញូវយ៉ក លោក Huang Ping ត្រូវបានបណ្ដេញចេញពី សហរដ្ឋអាមេរិក បន្ទាប់ពីអភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បាននិយាយថាលោកស្រីបានស្នើសុំការបណ្ដេញចេញ ក្រោយជំនួយការម្នាក់របស់លោកស្រី ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថាធ្វើចារកម្មឱ្យចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់ក្រុមអ្នកសារព័ត៌មានថាអគ្គកុងស៊ុលចិន លោក Huang Ping មិនមែនត្រូវបានបណ្ដេញចេញនោះទេ។ លោកបន្ថែមថា អគ្គកុងស៊ុលចិនគឺត្រូវបញ្ចប់តួនាទីប្ដូរវេនជាទៀតទាត់តាមកាលកំណត់កាលពីខែសីហាតែប៉ុណ្ណោះ ពោលមិនមែនជាការបណ្ដេញចេញឡើយ។
គួរបញ្ជាក់ថា រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ប្រកាសថាអតីតមន្ត្រីម្នាក់ដែលធ្លាប់ធ្វើជាជំនួយការរបស់លោកស្រី Hochul ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ថាបានធ្វើ ជាភ្នាក់ងាររបស់ចិន ដើម្បីជាថ្នូរទទួលបានប្រាក់រាប់លានដុល្លារ។ ជំនួយការជាស្រ្តីរូបនេះមានឈ្មោះថា Linda Sun បានរងការចោទប្រកាន់ថាដើរតួនាទីជាអ្នកសម្របសម្រួលជំនួបរវាង ក្រុមមន្ត្រីអាមេរិកក្នុងរដ្ឋញូវយ៉ក និងក្រុមមន្ត្រីចិន ខណៈព្យាយាមរារាំងជំនួបរវាងមន្ត្រីអាមេរិក និងតៃវ៉ាន់។
តាមរដ្ឋអាជ្ញាអាមេរិក ប្ដីរបស់ស្ត្រីឈ្មោះ Linda Sun គឺលោក Christopher Hu ក៏ត្រូវបានចោទប្រកាន់ថាបានជួយសម្រួលការផ្ទេរប្រាក់រាប់លានដុល្លាររបស់ប្រពន្ធខ្លួនផងដែរ។ ប៉ុន្តែ ប្ដីប្រពន្ធទាំង២នាក់បានអះអាងថាខ្លួនមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ ហើយទទួលបានការអនុញ្ញាតឱ្យនៅក្រៅឃុំ ភ្ជាប់ជាមួយលក្ខខណ្ឌហាមជួប ឬទំនាក់ទំនងជាមួយ មន្ត្រីការទូតចិន។ ចំណែក ខាងក្រសួងការបរទេសចិនវិញកាលពីថ្ងៃពុធ បាននិយាយថាខ្លួនមិនបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងស្រី្តឈ្មោះ Linda Sun ទេ ខណៈស្ថានទូតចិនប្រចាំអាមេរិក បញ្ជាក់ថាមន្ត្រីការទូតចិនមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសដទៃឡើយ៕