(កៀវ)៖ លោក Jon Finer ដែលជាអនុប្រធានទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន បានជួបប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងក្រុមមន្រ្តីអ៊ុយក្រែន នៅក្នុងទីក្រុងកៀវ កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីតម្រូវការចាំបាច់ក្នុងសង្រ្គាមជាមួយរុស្ស៉ី អំឡុងពេលនៃអាណត្តិចុងក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ ២០២៤។

មន្រ្តីអាមេរិក បានប្រាប់ Reuters ថាជំនួបនានារបស់ លោក Finer ក៏រួមទាំងការជជែកគ្នាជាងមួយម៉ោង ជាមួយក្រុមមន្រ្តីយោធាអ៊ុយក្រែនផងដែរ អំពីស្ថានការណ៍សង្រ្គាមបច្ចុប្បន្ន និងយុទ្ធសាស្រ្តទៅថ្ងៃមុខ។ លោក Finer ក៏ទទួលបានព័ត៌មានថ្មីៗអំពី ដំណើរការវាយលុកចូលតំបន់ Kursk របស់រុស្ស៉ី ដែលកំពុងបន្តផងដែរ។ ក្នុងឱកាសនោះ លោក Savett គូសបញ្ជាក់ថា «យើងបានប្រើប្រាស់កិច្ចប្រជុំទាំងនេះ ដើម្បីពិភាក្សាអំពីជំនួយរបស់អាមេរិក សម្រាប់ប្រព័ន្ធយោធា សេដ្ឋកិច្ច និងថាមពលរបស់អ៊ុយក្រែន ក្នុងចំណោមវិស័យផ្សេងៗទៀត ហើយនឹងប្រើប្រាស់លទ្ធផលនៃកិច្ចប្រជុំ មកជំរុញគោលនយោបាយរបស់លោកប្រធានាធិបតី បៃដិន ដើម្បីគាំទ្រអ៊ុយក្រែនរហូតដល់ពួកគេឈ្នះសង្រ្គាម»។

គួរបញ្ជាក់ថា បើតាមមន្រ្តីអាមេរិកម្នាក់ ក្នុងចំណោមកិច្ចពិភាក្សារបស់ លោក Finer នៅអ៊ុយក្រែន ក៏មាននូវការស្វែងរកវិធីប្រើប្រាស់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារ ដែលយកចេញពីទ្រព្យសម្បត្តិដែលបង្កកបានរបស់រុស្ស៉ី៕