(ប៉េកាំង)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះថា ការដែលគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីសងបំណុល ក៏ដូចជាកត្តាខ្វះខាតធនធានរបស់បណ្តាប្រទេសអាហ្រ្វិក អាចបង្កជាភាពចលាចលក្នុងសង្គម និងស្នើឱ្យមានកំណែទម្រង់ថ្មីចំពោះដំណោះស្រាយហិរញ្ញវត្ថុអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
វិបត្តិបំណុលដែលកំពុងតែកើនឡើងទូទាំងទ្វីប ដែលមានប្រជាជន១ពាន់លាននាក់មួយនេះ បាននាំឱ្យផ្ទុះភាពចលាចលស៉ីវិល ក្នុងរយៈពេលប៉ុន្មានខែថ្មីនេះ ដោយនៅប្រទេសកេនយ៉ា ប៉ូលិសបានប៉ះទង្គិចជាមួយក្រុមបាតុករ ដែលតវ៉ាប្រឆាំងនឹងការដំឡើងពន្ធ ក្រោយមកក៏ជំរុញឱ្យប្រជាជន នៅក្នុងប្រទេសនីហ្សេរីយ៉ា និងអ៊ូហ្កង់ដា នាំគ្នាដើរជាក្បួនដើម្បីសម្តែងការ៉ា ជុំវិញបញ្ហាចំណាយខ្ពស់ ក្នុងការរស់នៅ។ ប្រទេសនៅអាហ្វ្រិក កំពុងស្វែងរកការការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ តាមរយៈក្រមខណ្ឌដាក់ចេញដោយ G20 ហៅថា «Common Framework» ប៉ុន្តែផែនការមិនដូចការរំពឹងទុក គឺមិនបានជួយកិច្ចពិភាក្សារវាងមេដឹកនាំជាច្រើន រាប់ចាប់តាំងពីធនាគាររដ្ឋរបស់ចិន រហូតដល់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងធនាគារក្នុងទីក្រុងញូវយ៉ក ឡើយ។
លោក Guterres បានប្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក នៅក្នុងទីក្រុងប៉េកាំងដូច្នេះថា ស្ថានភាពបំណុលអាហ្វ្រិក គឺមិននឹងនរទេ។ ពួកគេ គ្មានលទ្ធភាពទទួលបានការអនុគ្រោះបំណុល ប្រកបដោយប្រសិទ្ធភាព ខ្វះខាតធនធាន និងការផ្តល់មូលនិធិសម្បទានមិនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋាន។ លោក Guterres បានស្នើឱ្យមានការធ្វើកំណែទម្រង់ស៉ីជម្រៅ ទៅលើដំណោះស្រាយហិរញ្ញវត្ថុអន្តរជាតិដែលហួសសម័យ គ្មានប្រសិទ្ធភាព និងអយុត្តិធម៌ ហើយជំរុញបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ បញ្ចេញនូវសាច់ប្រាក់សម្រាប់អ្នកកំពុងត្រូវការ ខណៈស្វែងរកដំណោះស្រាយរយៈពេលមធ្យម និងរយៈពេលវែង។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង ដែលជាម្ចាស់បំណុលធំបំផុតរបស់ពិភពលោក កំពុងធ្វើជាម្ចាស់ផ្ទះនៃប្រទេសអាហ្វ្រិកចំនួន ៥០ សម្រាប់វេទិកាលើកទី ៩ ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ក្នុងសប្តាហ៍នេះ ដោយលោកប្រធានាធិបតី ស៉ី ជីនពីង បានសន្យាផ្តល់ហិរញ្ញប្បទានថ្មីជាង ៥០ពាន់លានដុល្លារដល់ទ្វីបក្នុងរយៈពេល ៣ឆ្នាំខាងមុខ៕