(សេអ៊ូល)៖ ទីភ្នាក់ងារអាកាសធាតុ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះថា ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវកម្រិតសីតុណ្ហភាពជាមធ្យម នារដូវក្តៅឆ្នាំនេះ គឺមានកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីការធ្វើកំណត់ត្រា ចាប់ផ្តើមកាលពីពាក់កណ្តាលសតវត្សរ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានឱ្យដឹងថា ចាប់ពីខែមិថុនា ដល់ខែសីហា សីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេស គឺមានកម្រិត ២៥.៦អង្សាសេ។ នេះជាកម្រិតខ្ពស់ជាងមុនគិតចាប់តាំងពីទីភ្នាក់ងារ បានកំណត់ការតាមដានដើម្បីប្រមូលទិន្នន័យ នៅឆ្នាំ ១៩៧៣ ដោយកើនឡើង ១.៩អង្សសេក្នុងអំឡុងពេលនៃរដូវក្តៅ។ បម្រែបម្រួលអាកាសធាតុ បាននិងកំពុង ប៉ះពាល់ដល់លំនាំអាកាសធាតុ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រធាន KMA លោក Jang Dong-un បញ្ជាក់ថា កូរ៉េខាងត្បូង បានទទួលនូវភ្លៀងធ្លាក់ខ្លាំងក្នុងរដូវមូសុង ការអូសបន្លាយនៃរលកកំដៅ និងសីតុណ្ហភាពជាង ២០អង្សាសេនៅពេលយប់ ដែលវាបានបង្កផលប៉ះពាល់ដល់ការរស់នៅ សម្រាប់សាធារណៈជន។ ទីក្រុងសេអ៊ូល ដែលជារដ្ឋធានីដែលមានប្រជាជនប្រហែល ១០លាននាក់ បានបំបែកកំណត់ត្រាចាស់របស់ខ្លួន និងឆ្លងកាត់កម្រិតសីតុណ្ហភាពជាង ២៥អង្សា រយៈពេល ៣៩យប់ជាប់ៗគ្នាក្នុងរដូវក្តៅនេះ ដោយលើសកាលពីរដូវក្តៅមុន ដែលមានតែ ២៦យប់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសជាច្រើននៅលើពិភពលោក កំពុងប្រឈមមុខនឹងរដូវក្តៅខ្លាំង ជាមួយនិងការព្រមានពីប្រមុខ UN អំពីគ្រោះថ្នាក់ចំពោះមនុស្សជាតិ និងការអំពាវនាវឱ្យមានសកម្មភាព ដើម្បីកំណត់ផលប៉ះពាល់ ដោយសារតែការប្រែប្រួលអាកាសធាតុ៕