(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា លោកមិនយល់ទេ ចំពោះសកម្មភាព របស់ប្រទេសបារាំង ជុំវិញការចាប់ខ្លួនស្ថាបនិក និងនាយកប្រតិបត្តិនៃប្រព័ន្ធទំនាក់ទំនងសង្គមឆាត Telegram គឺលោក Pavel Durov ដែលកាលពីសប្តាហ៍មុន ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៉ើបអង្កេត និងហាមមិនឱ្យចេញពីប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ពូទីន ថា ចំណាត់ការរបស់បារាំង មានលក្ខណៈរើសអើង។ លោកបានប្រាប់វេទិកាសេដ្ឋកិច្ចមួយថា លោកធ្លាប់បានជួប លោក Durov ម្តងកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែមិនបានទាក់ទងគ្នា ឬជួបគ្នាទៀតទេតាំងពីពេលនោះមក។ ចំណែក អ្នកនាំពាក្យ នៃវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីខែមុនថា លោកមិនដឹងទេថា អ្នកទាំងពីរធ្លាប់ជួបគ្នាឬអត់។
គួរបញ្ជាក់ថា ការស៉ើបអង្កេតរបស់បារាំងទៅលើ លោក Durov គឺពាក់ព័ន្ធនឹងការប្រើប្រាស់វេទិកាលើបណ្តាញ Telegram សម្រាប់ឧក្រិដ្ឋកម្មដូចជាការក្លែងបន្លំ ការលាងលុយកខ្វក់ និងការចែកចាយរូបភាពអាសអាភាសរបស់កុមារ។ ប៉ុន្តែមេធាវីរបស់ លោក Durov បានហៅដំណើរការស៉ើបអង្កេតនេះថា ជារឿងមិនសមហេតុផល៕