(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍នេះ បានជ្រើសរើសលោក Michel Barnier អតីតអ្នកចរចា Brexit ជានាយករដ្ឋមន្ត្រីថ្មី ដើម្បីដោះស្រាយវិបត្តិនយោបាយបន្ទាប់ពីការបោះឆ្នោតមិនទទួលបានលទ្ធផលច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការតែងតាំងនេះបានធ្វើឲ្យមានប្រតិកម្មចម្រុះពីគណបក្សនយោបាយនានា។

ខណៈគណបក្សស្តាំនិយមបានស្វាគមន៍ការសម្រេចចិត្តនេះ បក្សប្រឆាំងឆ្វេងនិយមបានរិះគន់ថាជាការមិនគោរពឆន្ទៈរបស់ប្រជាជន។ គណបក្សស្តាំនិយមជ្រុល National Rally (NR) បានបង្ហាញថានឹងមិនរារាំងលោក Barnier នៅពេលនេះទេ ប៉ុន្តែអាចនឹងធ្វើដូច្នេះនៅពេលក្រោយ ប្រសិនបើការទាមទារមួយចំនួនរបស់ពួកគេមិនត្រូវបានបំពេញ។

លោក Barnier ដែលមានវ័យ ៧៣ឆ្នាំ គឺជានាយករដ្ឋមន្ត្រីដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រនយោបាយទំនើបរបស់ប្រទេសបារាំង។ លោកត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រសហភាពអឺរ៉ុបយ៉ាងមុតមាំ និងជាអ្នកនយោបាយដែលមានបទពិសោធន៍យូរអង្វែង ជាពិសេសលើការដឹកនាំកិច្ចចរចា Brexit របស់សហភាពអឺរ៉ុបជាមួយចក្រភពអង់គ្លេស។

បញ្ហាប្រឈមភ្លាមៗរបស់លោក Barnier គឺការរៀបចំថវិកាឆ្នាំ ២០២៥ ដែលតម្រូវឱ្យមានការគាំទ្រពីសភា។ បើមិនដូច្នោះទេ វាអាចនាំឱ្យមានការបោះឆ្នោតមិនទុកចិត្ត និងបង្កឱ្យមានភាពចលាចលនយោបាយបន្ថែមទៀតនៅក្នុងប្រទេសបារាំង៕